ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ

image


ម៉ាឡេស៊ី៖ តាមរយៈសំណេរនៅបណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ ២០២៥ បានសម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ស្ដីពីការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមបណ្ដោយព្រំដែនរួមរបស់ប្រទេសទាំងពីរ ។

នៅក្នុងសំណេរខាងលើ លោកបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ ឬរងរបួស។ លោកបានក្រើនរម្លឹកជាបន្តថា «ការប្រយុទ្ធគ្នាដែលបានកើតឡើងសារជាថ្មីនេះ អាចបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសំខាន់ៗដែលបានព្យាយាមធ្វើឡើងនាពេលកន្លងមក ក្រោមគោលបំណងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានស្ថិរភាព» ។

លោកអាន់វ៉ា បានកត់សម្គាល់ថា ទាំងថៃ និងកម្ពុជា គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកដ៏សំខាន់នៃអាស៊ាន។ បន្ថែមពីនេះ លោកបានជំរុញឱ្យភាគីទាំងពីរត្រូវទប់ស្កាត់ឱ្យបានជាអតិបរមា ព្រមទាំងរក្សាបណ្តាញទំនាក់ទំនងឱ្យនៅតែបើកចំហ ហើយប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យបានពេញលេញ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍តានតឹងកាន់តែរីករាលដាល ។

លោកបានបញ្ជាក់ដែរថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្ររាល់ជំហានណាមួយដែលអាចជួយស្ដារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ឧបទ្ទវហេតុបែបនេះបន្ថែមទៀត។ មេដឹកនាំម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា តំបន់នេះមិនអាចអនុញ្ញាតឱ្យជម្លោះដែលមានជាយូរមកហើយនោះ ធ្លាក់ចូលទៅក្នុងរង្វិលជុំនៃការប្រឈមមុខដាក់គ្នាបានទេ ។

លោកបានសង្កត់ធ្ងន់ទៀតថា អាទិភាពបន្ទាន់គឺត្រូវ «បញ្ឈប់ការប្រយុទ្ធគ្នា ការពារជនស៊ីវិល និងវិលត្រឡប់ទៅរកការចរចាការទូតឡើងវិញ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងស្មារតីនៃភាពជាអ្នកជិតខាងល្អ ដែលជាមូលដ្ឋានគ្រឹះរបស់អាស៊ាន» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim