សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាងធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង) - តឹនណាម (ខេត្តតៃនិញ)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង) - តឹនណាម (ខេត្តតៃនិញ) នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ច្រកទ្វារព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិ លេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង ៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែល បានសាងសង់នៅឆ្នាំ២០១១ និងជួលជុលឡើងវិញក្នុងឆ្នាំ២០២៥។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានថ្លែងថា “ ដំបូងឡើយទីតាំងច្រកទ្វារអន្តរជាតិនេះជាច្រករបៀង ដែលប្រជាពលរដ្ឋទាំងសងខាង(កម្ពុជា- វៀតណាម) តែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមកនៅកំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតទៅជាច្រកទ្វារព្រំដែនតំបន់ បន្តមក ដំឡើងទៅជា ច្រកទ្វារព្រំដែនអន្តរជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ។ចំណែកគូរច្រកទ្វារព្រំដែនតឹនណាម ត្រូវ បានរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម យល់ព្រមជាគោលការណ៍ ដំឡើងច្រកទ្វារនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧”។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានបន្តថា “ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្ត ព្រៃវែង និងខេត្តតៃនិញ ឲ្យបានល្អប្រសើរ និងដោយសារស្ថានភាពការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលមិនអាចឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានប្រគល់ភារកិច្ចឱ្យថ្នាក់ដឹកនាំខេត្តទាំងពីរ(ព្រៃវែង-តៃនិញ) ដំណើរការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយពេលនោះរដ្ឋបាលខេត្ត ព្រៃវែង បានរៀបចំពិធីប្រកាសនៅខាងទីតាំងច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ហើយខេត្តតៃនិញ បាន រៀបចំពិធីប្រកាសនៅខាងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ពុំអាចធ្វើពិធីប្រកាសរួមគ្នានៅកន្លែងតែ មួយបានទេ។ ជាមួយនោះ ដោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមិនទាន់បំពេញឱ្យបានសមស្របសម្រាប់ មធ្យោបាយដឹកជញ្ជូនចេញ-ចូលច្រកទ្វារព្រំដែន ខេត្តទាំងពីរបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សាង សង់ និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធបំរើឱ្យការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបំរើឱ្យដំណើរការច្រកទ្វារព្រំដែន នាពេលបច្ចុប្បន្ន បានសាងសង់រួចរាល់ជាស្ថាពរ ជាច្រកទ្វារព្រំដែនអន្តរជាតិមានស្តង់ដាតាមនិយាមនៃប្រទេសនីមួយៗ នឹង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាឱកាសពេលនេះ។ ការសម្ពោធនេះនឹងជួយជម្រុញបន្ថែមនូវទំហំការដោះដូរពាណិជ្ជកម្ម កម្រិតតំបន់(ព្រៃវែង-តៃនិញ)ជាកម្រិតថ្នាក់ជាតិ(កម្ពុជា-វៀតណាម) និងកម្រិតអន្តរជាតិ ជាលំហូរ ពាណិជ្ជកម្មនៃទំនិញចេញ-ចូល មកពីប្រទេសផ្សេងៗទៀតផងដែរ”។
បើតាមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានឲ្យដឹងថា “គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ សរុបចំនួនមនុស្សឆ្លងកាត់ចេញមានចំនួន ៣.១៨៦នាក់ ស្រី ១.៣៧៦នាក់ និងសរុបចំនួនមនុស្សឆ្លងកាត់ចូលមានចំនួន ២.១៥១នាក់ ស្រី ៨៦៧នាក់ ចំណែកឯ ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូន ដោះដូរកសិផល និងទំនិញផ្សេងៗរួមមាន៖ ដំឡូងមី អំពៅ ស្វាយ បន្លែ ផ្លែឈើ គ្រឿងចាប់ហួយ គ្រឿងសំណង់ ។-ល-៕
អត្ថបទ៖ ហ៊ន សុភ័ក្រ