នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យដោះស្រាយបញ្ហាស៊ីហ្គេមជាបន្ទាន់ ក្រោយរងការរិះគន់ថា រៀបចំអន់ជាងកម្ពុជា
ថៃឡង់ដ៍៖ ស្ថិតនៅឯវិមានរដ្ឋាភិបាល កាលពីម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក អានុទីន ចាន់វីរៈកុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងរ៉ាវនៃការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដោយលោកបានណែនាំឱ្យសួរទៅលោក អត្តាកន សិរិឡាដ្ឋយាកន (Attakorn Sirilatthayakorn) ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ។
នៅពេលអ្នកកាសែតចោទសួរថាតើបញ្ហានេះ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសដែរឬទេ? លោក អានុទីន បានឆ្លើយថា ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែធ្នូ ហើយលោកនឹងចូលរួម ដោយសារតែមានវត្តមានរបស់ព្រះមហាក្សត្រ ។
បន្ថែមពីនេះ នៅពេលមានសួរអំពីការរិះគន់ដែលថាការរៀបចំរបស់ថៃ គឺអន់ជាងការរៀបចំរបស់កម្ពុជា លោក អានុទីន បានតបវិញថា៖ «អ្នកណានិយាយអីចឹង? វាមិនទាន់ចាប់ផ្តើមផង!»។
នៅក្នុងសំណួរមួយផ្សេងទៀតជុំវិញការរិះគន់លើការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) សម្រាប់ផ្ទាំងរូបភាពស៊ីហ្គេម លោក អានុទីន អះអាងថា លោក ថាំម៉ាណាត់ ព្រុំផាវ (Thammamnat Prompao) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម (ដែលលោកត្រូវមើលការខុសត្រូវក្រសួងទេសចរណ៍ និងកីឡាផងនោះ) បាននិយាយថា លោកនឹងចាត់ការឱ្យបានពេញលេញ។ លោកថា ការប្រកួតស៊ីហ្គេម នឹងកាន់តែល្អប្រសើរនៅពេលដែលមនុស្សម្នាមកចូលរួម ។
នៅពេលអ្នកកាសែតសួរពីបញ្ហាថវិកា លោក អានុទីន និយាយថា៖ «រឿងនេះមិនមែនទើបតែកើតឡើងពីរខែមុនទេ។ នៅពេលដែលយើងចូលកាន់តំណែង យើងត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។ យើងដឹងពីបញ្ហាហើយ ទើបយើងប្រញាប់ធ្វើវា។ លោក ថាំម៉ាណាត់ បានធ្វើការរហូតដល់វិលមុខហើយ, លោកត្រូវដោះស្រាយស្ថានការណ៍ជាច្រើន» ។
លោក អានុទីន បានបន្តថា ចំពោះផ្នែករបស់លោក បញ្ហាពាក់ព័ន្ធគឺនៅក្រុងហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា (Songkhla) ដែលមិនទាន់អាចរៀបចំកម្មវិធីបាន។ លោកត្រូវតែប្រញាប់រៀបចំកន្លែងប្រកួត និងទីកន្លែងស្នាក់នៅសម្រាប់អត្តពលិក ដែលអាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងគ្រប់គ្រង ។
នៅពេលសួរថា តើគួរតែវាយតម្លៃគន្លឹះសំខាន់ៗនៃការអនុវត្តការងារ (KPIs) របស់រដ្ឋមន្ត្រីពាក់ព័ន្ធដែរឬទេ? លោក អានុទីន បានឆ្លើយថា៖ «វាយឺតពេលហើយក្នុងការវាស់ស្ទង់ ព្រោះតែសភានឹងត្រូវរំលាយក្នុងពេលឆាប់ៗនេះទៅហើយ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English