ព័ត៌មានជាតិ

កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២៦០លានដុល្លារ សម្រាប់ឆ្នាំ ២០២៦

image


ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ចំនួន ២៦០លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២៦ ខាងមុខនេះ ហើយក៏គ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់ផងដែរ។
ការប្រកាសពីកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ កាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារ ពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារ ពិភពលោក ឆ្នាំ ២០២៥-២០២៩។
ដើម្បី ឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, លោកស្រី ក៏បានរាយការណ៍អំពីការវិភាគថ្មី "Country Growth and Jobs Report” ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំង កម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស ។
ជាមួយគ្នានេះ, ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយ បដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, លោកអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាពក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័ស ទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្រប ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យ ថាមពល; និង ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍមនុស្ស ជាដើម៕