ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ៤,៦% នៅឆ្នាំ ២០២៦

image


ម៉ាឡេស៊ី៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវគេរំពឹងថានឹងមានកំណើន ៤,៦% នៅក្នុងឆ្នាំ២០២៦។ ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ CGS International និយាយថា កំណើននេះនឹងបានមកពីតម្រូវការខ្លាំង ពីប្រទេសដទៃទៀត ទោះបីជាសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកអាចនឹងថយចុះបន្តិចក៏ដោយ ។

ទោះជាយ៉ាងនេះក្តី កត្តាប្រឈមជាច្រើនអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ក្នុងនោះ រួមមានពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំក្រោយ អាចនឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ម្ដងទៀត។ កត្តាប្រឈមមួយផ្សេងទៀត កើតមាននៅពេលសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែខ្សោយ ដោយសារតែទីផ្សារអចលនទ្រព្យរបស់ខ្លួនមិនទាន់ងើបឡើងវិញ ខណៈចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ម៉ាឡេស៊ី ដូច្នេះបើចិនប្រឈមបញ្ហាសេដ្ឋកិច្ច វានឹងនាំមកនូវផលប៉ះពាល់ផងដែរដល់ម៉ាឡេស៊ី ។

ក្រៅពីនេះ ក៏នៅមានហានិភ័យហិរញ្ញវត្ថុមួយចំនួនផងដែរ ដូចជាការធ្លាក់ចុះនៃតម្លៃភាគហ៊ុនបច្ចេកវិទ្យា និងបញ្ហាដែលទាក់ទងនឹងការជួញដូររូបិយបណ្ណយ៉េនរបស់ប្រទេសជប៉ុន ដោយបញ្ហាទាំងនេះអាចបង្កឱ្យទីផ្សារពិភពលោកប្រែប្រួលខ្លាំង និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចថយចុះ ។

ក្រៅពីសេដ្ឋកិច្ចម៉ាឡេស៊ី គេរំពឹងថា កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីនឹងកើនឡើងដល់ ៥,១% ក្នុងឆ្នាំ២០២៦ ដោយសារមានការគាំទ្រពីរដ្ឋាភិបាល។ សិង្ហបុរីឯណោះវិញ ត្រូវគេរំពឹងថានឹងមានកំណើន ២,៨% ខណៈប្រទេសថៃត្រូវបានព្យាករណ៍ថានឹងមានកំណើនត្រឹមតែ ១,៩% ប៉ុណ្ណោះ ព្រោះតែគម្រោងវិនិយោគធំៗអាចនឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតឆ្នាំ២០២៦ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bernama via The Star | រូបភាព-Photo៖ The Star/ KLSE Screener