អាជ្ញាធរខេត្តរតនគិរី បើកការដ្ឋានជួសជុលផ្លូវជាតិលេខ ៧៨C (អូរជុំ-វើនសៃ) ដែលជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល
រតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី បើកការដ្ឋានជួសជុលផ្លូវជាតិលេខ ៧៨C ប្រវែង ២៨០០ម ទទឹង ៧ម ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) ដែលអនុវត្តការងារសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី។
លោក អភិបាលអភិបាល បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៧៨C (អូរជុំ - វ៉ើនសៃ) ជាផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរក្នុងការដឹកកសិផលផ្សេងៗដែលប្រមូលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកឧបភោគបរិភោគ និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបន្តថា សម្រាប់ផ្លូវជាតិលេខ ៧៨C នេះ ពិតជាបំរើផលប្រយោជន៍ដល់ស្រុកអូរជុំ និងស្រុកវើនសៃ រួមមាន ប្រជាជន ក្នុងឃុំកាឡៃ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ ស្រុកវើនសៃ ទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងពីស្រុកវើនសៃ ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ទីរួមខេត្តរតនគិរី។
ដើម្បីដំណើការជួសជុលផ្លូវនេះឱ្យទទួលបានជោគជ័យ លោក បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ ដោយធ្វើការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី នៃស្រុកទាំង២ មេត្តាផ្សព្វផ្សាយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្រប
សម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក អភិបាលខេត្ត ក៏បានលើកឡើងថា ស្របទៅនឹងស្ថានភាពនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាបុរេលក្ខ
ខណ្ឌដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឪ្យបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ អាជ្ញាធរនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្សពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន និងក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមាននៅតាមភូមិ ឃុំ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា។ ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោល
នយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ និងរួមគ្នាដោះស្រាយ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា គម្រោងជួសជុលផ្លូវជាតិលេខ ៧៨C ប្រវែង ២៨០០ម និង ទទឹង៧ម ពី PK ១២៥+៩០០ ដល់ PK ១២៨+៧០០ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) មានពីរកន្លង ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ច
សន្យាដែលបានកំណត់ក្នុងគម្រោងសម្រាប់ឆ្នាំ២០២៦៕
ដោយ៖ ប៉េស សារី