ព័ត៌មានជាតិ

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ កម្ពុជា ប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាន

image


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ ការចាប់យកនូវនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់និរន្តរភាពបរិស្ថាន។

ការថ្លែងបែបនេះ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេស នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រ ទេសជប៉ុន និងអង្គការ JASIC ខណៈដែលអាស៊ី កំពុងប្រឈមនឹងការផ្លាស់ប្តូរដែលជំរុញដោយអគ្គិសនីភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងអាទិភាពបរិស្ថាន។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្ត អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើស្តង់ដារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការច្នៃប្រឌិតថ្មីនៅក្នុងវិស័យយានយន្ត ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពជាលំដាប់របស់កម្ពុជាក្នុងការលើកកម្ពស់យានយន្តអគ្គិសនី ជាផ្នែកមួយនៃរបៀបវារៈនិរន្តរភាពជាតិ និងឧស្សាហកម្មភាវូបនីយកម្មរបស់ខ្លួន។ ដោយលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរួមមាន៖ ការអនុម័តបទប្បញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៥៨, ស្តង់ដាររឹងមាំជាងមុនសម្រាប់សុវត្ថិភាព និងការត្រួតពិនិត្យយានយន្ត, ការលើកទឹកចិត្តក្រោមច្បាប់វិនិយោគដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិច, ការណែនាំអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍរថយន្តអគ្គិសនី (២០២៤–២០៣០) និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយ៉ាងឆាប់រហ័សរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ប្រទេសនៅអាស៊ីត្រូវតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យឧស្សាហកម្មយានយន្តក្នុងតំបន់កាន់តែរឹងមាំ ដោយមានការចុះសម្រុងគ្នានៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ជាពិសេសសម្រាប់ការអនុវត្តសុវត្ថិភាព និងបរិស្ថាន ព្រមទាំងការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធតេស្ត និងវិញ្ញាបនប័ត្រ, ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងការផលិតសមាសធាតុ ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ។

លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិកានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពធន់ នៅទូទាំងទ្វីបអាស៊ី។

លោករដ្ឋមន្ត្រីបានបន្ថែមថា ខណៈដែលប្រទេសកម្ពុជា បន្តដំណើររបស់ខ្លួនឆ្ពោះទៅរកប្រព័ន្ធដឹកជញ្ជូនដែលមានភាពបៃតង សុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីគាំទ្រដល់កំណើនរួមគ្នា និងការប្រកួតប្រជែងទូទាំងអាស៊ី។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យានយន្តអគ្គិសនីចំនួន ១ម៉ឺន ១២១៤គ្រឿង ត្រូវបានចុះបញ្ជីបើគិតត្រឹមខែតុលាឆ្នាំ២០២៥។ តួលេខនេះ បានកើនឡើងយ៉ាងលឿន ពីចំនួនត្រឹមតែ ៥គ្រឿង ក្នុងឆ្នាំ២០២០។ ខណៈការចុះបញ្ជី ក្នុងឆ្នាំ ២០២៤ មានចំនួន ៣៥០៨គ្រឿង និងឆ្នាំ ២០២៥នេះ មានចំនួន ៦២១៧គ្រឿង ពោលគឺមានការកើនឡើង ៧៧,២% បើធៀបនឹងឆ្នាំ២០២៤។

សូមជម្រាបថា វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេក ទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។

យោងតាមរបាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕