ក្រសួងសាធារណការ នឹងបិទចរាចរណ៍រយៈពេលខ្លីៗ លើកំណាត់ផ្លូវជាតិលេខ២ ដើម្បីរំកិលធ្នឹមស្ពាននៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា តំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។ ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលឆ្នើមស្ពានចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។
ដូចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម) ដើម្បីកាត់បន្ថយការកកស្ទះ។
ជាមួយគ្នានេះ ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរ គោរពតាមផ្លាកសញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការណែនាំពីសមត្ថកិច្ច និងបុគ្គលិកការដ្ឋានសាងសង់ ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។
ក្រសួង ក៏សូមឱ្យសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ដូចបានជម្រាបជូន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕