ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដល់សហគមន៍អន្តរជាតិ ជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទយ៉ាងឃោរឃៅលើពលរដ្ឋកម្ពុជា ពីសំណាក់យោធាឈុតខ្មៅថៃ

image

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកអំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។

បន្ថែមពីនេះ កងទ័ពកម្ពុជាចំនួន ១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់ និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំងយប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបាន ទាហានឈុតខ្មៅថៃ ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។

គ.ស.ម.ក. សូមគូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។

គ.ស.ម.ក. ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមលើនេះ សូមសហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ ប្រសិនបើ ប្រទេសថៃមិនដោះស្រាយករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក៕