ការសាងសង់ស្ពានវាងក្រុងកំពតប្រវែងជិត៤០០ម៉ែត្រ នៅឆ្នេរកោះស្មៅឆ្លងព្រែកកំពង់បាយឆ្ពោះទៅកាន់សង្កាត់ត្រើយកោះដើម្បីបម្រើដល់ពហុវិស័យ
កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានឱ្យដឹងថា ការសម្រេចសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពតប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅឆ្លងព្រែកកំពង់បាយឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ ដើម្បីបម្រើដល់ពហុវិស័យ ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត ៤០០ម៉ែត្រ ហើយក៏មានវេរ៉ងដា និងបំពាក់កង្ហារយក្សមួយសម្រាប់ឱ្យភ្ញៀវថតរូបអនុស្សាវរីយ៍ផងដែរ។
លោក ម៉ៅ ធនិន បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពត ដែលបានរៀបចំធ្វើឡើងនៅឆ្នេរកោះស្មៅ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ ជាអំណោយ និងកេរ្តិ៍តំណែលជាអមតៈ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត។ ក្រោយពេលសង់រួច ផ្លូវ ពិសេសស្ពានដែលអាចធ្វើដំណើរឆ្លងកាត់ទាំងខាងក្រោម និងខាងលើមួយនេះ នឹងងបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលមានបុណទានម្តងៗ រួមនឹងការបម្រើដល់ពហុវិស័យ ពិសេសវិស័យទេសចរណ៍។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ស្ពាននេះមានប្រវែង ៣៦៨ម៉ែត្រ ទទឹង ១៨ម៉ែត្រ ដោយសាងសង់រំលងផ្លូវ និងឆ្នេរកោះស្មៅ រួមនឹងវេរ៉ងដាសងខាងស្ពាននៅចំកណ្តាល ដែលអាចឱ្យភ្ញៀវទេសចរអាចមើលទៅខាងកើតឃើញលំហសមុទ្រ និងខេត្តកែប មើលទៅទិសខាងលិចមើលឃើញទេសភាពភ្នំបូកគោ។ ស្ពាននេះ ក៏មានបំពាក់នូវកង្ហារយកដើម្បីទាញយកថាមពលអគ្គិសនីបំភ្លឺស្ពាន និងតាមដងផ្លូវថ្មីនេះផងដែរ។ ក្រោយស្ពាននេះសាងសង់រួចក្នុងរយៈពេល ១២ខែ ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ហើយស្ពាននេះក៏អាចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងសង្កាត់ត្រើយកោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
បើតាមការបញ្ជាក់របស់លោកអភិបាលខេត្ត គម្រោងស្ថាបនាផ្លូវ និងស្ពានក្រវ៉ាត់ក្រុងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ត្រឹមតែ ១២ខែប៉ុណ្ណោះ ហើយជាការរំពឹងថាការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនឹងស្ពាននេះ នៅទីតាំងដដែល និងថ្ងៃ ខែដដែល នៅឆ្នាំ២០២៦៕
អត្ថបទ៖ វង្ស សុធារម្យ