ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកឱ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់អំពី «មាសសន្លឹក» ដែលត្រូវបានគេក្លែងបន្លំដាក់រូបនិមិត្តសញ្ញារបស់ខ្លួន
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានក្រើនរំលឹកឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី «ធនាគារខ្មែរពិតៗ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការមួយចេញផ្សាយនៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនដែលបោះផ្សាយមាសនោះឡើយ។ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់»។
ធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកសាធារណជនផងដែរថា រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕