ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក ព្រមព្រៀងបញ្ចុះពន្ធ ១០%លើទំនិញចិន ជាថ្នូរនឹងការនាំចូលផលិតផលកសិកម្មអាម៉េរិកមកចិន

image

ចិន-សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងកាត់បន្ថយអត្រាពន្ធលើទំនិញទូទៅរបស់ចិនសរុបពី ៥៧% មកនៅត្រឹម ៤៧% បន្ទាប់ពីជួបប្រជុំជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ។

លោកក៏បានប្រកាសដែរថា ពន្ធលើទំនិញចិនដែលពាក់ព័ន្ធនឹងសារធាតុហ្វេតាណុល នឹងត្រូវកាត់បន្ថយពី ២០% មកនៅ ១០% ដោយការកាត់បន្ថយនេះ ធ្វើឡើងព្រោះលោកត្រាំជឿថា លោកស៊ីនឹងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ រួមមានដូចជាការទប់ស្កាត់សារធាតុញៀនហ្វេតាណុល និងសារធាតុគីមី(ដើម្បីសំយោគចេញសារធាតុនេះ)ចូលទៅកាន់សហរដ្ឋអាម៉េរិក ។

លោកត្រាំពិពណ៌នាថា កិច្ចប្រជុំនេះពិតជា «អស្ចារ្យណាស់» ដោយបន្ថែមទៀតថា ភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។ ក្នុងនោះ ចិនបានយល់ព្រមទិញសណ្ដែកសៀង និងផលិតផលកសិកម្មរបស់អាម៉េរិកជាច្រើនទៀតក្នុងពេលភ្លាមៗ ហើយក៏បានចុះកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំអំពីធនធានរ៉ែកម្រ។ លោកត្រាំ បានបញ្ជាក់ថា ចិននឹងមិនដាក់កម្រិតលើការនាំចេញសារធាតុរ៉ែកម្រដែលមានតួនាទីសំខាន់សម្រាប់ឧស្សាហកម្មពិភពលោកនោះទេ ។

កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំង ពីព្រោះអត្រាពន្ធដ៏ខ្ពស់របស់លោកត្រាំ និងការកំណត់សម្រាប់ការនាំចេញរបស់ចិន បានបង្កក្ដីព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក។ លោកត្រាំលើកឡើងថា ភាគីទាំងពីរយល់ថា ត្រូវជៀសវាងវិបត្តិដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនោះ ចិនមិនទាន់មានមតិយោបល់ជាសាធារណៈអំពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ Reuters/ VIORY | រូបភាព-Photo៖ Reuters/ Getty Images/ BBC/ leelinesourcing