ព័ត៌មានជាតិ

ពលរដ្ឋនៅខណ្ឌដង្កោ ស្នើរដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យ ការតបណ្តាញទឹកស្អាត និងសុំឱ្យក្រុមហ៊ុនប្រមូលសំរាម ដឹកសំរាមចេញឱ្យបានលឿន

image


ភ្នំពេញ៖ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែ តុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាសំរាម, ការតបណ្តាញទឹកស្អាត និងបណ្ណកម្មសិទ្ធិអចលនទ្រព្យ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿន និងដោះស្រាយ។


លោក ហ៊ុន សុរិទ្ធី អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា វេទិកាសាធារណៈនៅក្នុងខណ្ឌដង្កោនេះ ប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន ៥នាក់ និងសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរ មានចំនួន ១៥ច្បាប់ សរុប ២០បញ្ហាដែលមានដូចជា ការស្នើសុំការពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិអចលនទ្រព្យ, ស្នើសូមឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី ពន្យល់ពលរដ្ឋឱ្យបានយល់ពីនីតិវិធីនៃការបង់ពន្ធប្រថាប់ត្រាលើបណ្ណកម្មសិទ្ធិអចលនទ្រព្យ, ស្នើសុំតបណ្តាញទឹកស្អាតចូលបុរី VIP និងបុរីសំព័រ និងការស្នើសុំឱ្យក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម ដឹកសំរាមចេញឱ្យបានលឿន និងទៀងពេល កុំឱ្យទុកចោលយូពេក។


លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ទៀតថា ការលើកឡើងជាសំណើរ និងសំណូមពរឆ្នាំនេះ មានចំនួនត្រឹមតែ ២០ច្បាប់ប៉ុណ្ណោះ មិនច្រើនដូចបណ្ដាឆ្នាំមុនទេ ហើយរាល់សំណើរ សំណូមពរទាំងនោះ ក៏មិនមានពាក់ព័ន្ធភូមិសង្កាត់មានសុវត្ថិភាពនោះទេ។ នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរ និងសមត្ថកិច្ច ពិតជាបានអនុវត្តការងារ បម្រើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។


ថ្លែងក្នុងវេទិកានោះដែរ លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការដោះស្រាយជូន៕