ព័ត៌មានអន្តរជាតិ

មនុស្ស៩នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា ក្រោយលោកណេតាន់យ៉ាហ៊ូចេញបញ្ជាឱ្យវាយប្រហារទីនោះសារជាថ្មី

image


ហ្គាហ្សា, ប៉ាឡេស្ទីន៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអ៊ែល កាលពីថ្ងៃអង្គារ ក្នុងចំណោមនោះ មនុស្ស៤នាក់ស្លាប់នៅសង្កាត់សាប្រា (Sabra) ក្នុងទីក្រុងហ្គាហ្សា និង៥នាក់ទៀតស្លាប់នៅក្នុងរថយន្តមួយគ្រឿងដែលត្រូវគេកំណត់គោលដៅនៅក្នុងទីក្រុងខាន់យូនីស (Khan Younis) ។
សោកនាដកម្មនេះ បានកើតឡើង បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូ បានចេញសេចក្ដីថ្លែងការណ៍ដោយបញ្ជាឱ្យយោធាអ៊ីស្រាអ៊ែល ធ្វើប្រតិបត្តិការវាយប្រហារតំបន់នោះ ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ថា បានបំពានបទឈប់បាញ់នៅក្នុងដែនដីប៉ាឡេស្ទីន អំឡុងភាគីទាំងពីរស្ថិតនៅក្នុងកិច្ចព្រមព្រៀងដ៏ផុយស្រួយចុងក្រោយដែលសម្របសម្រួលដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីដើមខែនេះ ។
នៅក្នុងវីដេអូមួយដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters គេឃើញក្រុមការងារនៃកាកបាទក្រហមប៉ាឡេស្ទីន កំពុងខិតខំព្យាយាមជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីរងនូវការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើទីក្រុងហ្គាហ្សា ។
គួររម្លឹកថា យោធាអ៊ីស្រាអ៊ែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើការវាយប្រហារទាំងនេះទេ ដែលសកម្មភាពនេះ គឺជាអំពើហិង្សាចុងក្រោយអំឡុងស្ថិតនៅក្នុងបទឈប់បាញ់រយៈពេលបីសប្តាហ៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ Getty Images on BBC & CNN