ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី បង្ហាញកិច្ចខិតខំប្រឹងប្រែងសំខាន់៤ចំណុចក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះដោយមាតាបិតាជាអ្នកធ្វើការ ជាពិសេសស្ត្រី

image


ភ្នំពេញ៖ លោកស្រី សុខ ច័ន្ទឆវី រដ្ឋ លេខាធិការក្រសួងកិច្ចការនារី និងជាតំណាងលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធី «Beyond the Balancing Act: Working Parents in Cambodia» រៀបចំដោយ AmCham Cambodia។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកនូវបញ្ហាប្រឈម ដែលបានជួបប្រទះដោយមាតាបិតា ជាអ្នកធ្វើការ រួមបញ្ចូលទាំងលក្ខខណ្ឌការងារ, ការថែទាំកុមារ និងបញ្ហាសុខភាពជាដើម។
នៅក្នុង សុន្ទរកថា គន្លឹះ លោកស្រី សុខ ច័ន្ទឆវី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះដោយមាតាបិតាជាអ្នកធ្វើការ ជាពិសេសស្ត្រី ដើម្បីលើកកម្ពស់បរិយាកាសដែលស្ត្រីនិងបុរស អាចលូតលាស់ស្មើៗគ្នានៅក្នុងតួនាទីវិជ្ជាជីវៈនិងគ្រួសាររបស់ពួកគេ ជាពិសេសការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការងារថែទាំដែលគ្មានប្រាក់កម្រៃ ។ ក្នុងនោះរួមមាន៖
១ . ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) តាមរយៈអភិក្រមបរិវត្តកម្មយេនឌ័រ ដោយសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពជាវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោះវិស័យដទៃទៀត។
២. ក្រសួងកិច្ចការនារី បាននិងកំពុងត្រៀមបញ្ចប់នូវក្របខ័ណ្ឌ និងផែនការសកម្មភាពជាតិ ស្ដីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពផងដែរ។
៣. ដឹកនាំសម្របសម្រួលកម្រិតថ្នាក់ជាតិ ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងការរើសអើងនៅកន្លែងធ្វើការចំពោះស្ត្រី តាមរយៈការអនុវត្តនូវអនុសញ្ញាស៊ីដរ (CEDAW)។
និង៤. បន្តរៀបចំយុទ្ធនាការ និងវេទិកាសាធារណៈ ព្រមទាំងកិច្ចសន្ទនា ដើម្បីលើកកម្ពស់ទំនួលខុសត្រូវរួម របស់មាតាបិតា លើការងារថែទាំ និងការអនុវត្តអាជីវកម្មដែលឆ្លើយតបនឹងយេនឌ័រ៕
អត្ថបទ៖ សន ពិសិដ្ឋ