ព័ត៌មានអន្តរជាតិ

មនុស្ស១៤នាក់ស្លាប់នៅឯមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការវាយប្រហាររបស់យោធាអាម៉េរិកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន

image


សហរដ្ឋអាម៉េរិក៖ ការវាយប្រហាររបស់យោធាអាម៉េរិកនៅឯភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ១៤នាក់ និងនៅមានមនុស្សម្នាក់នៅរស់ នេះបើយោងតាមប្រធានមន្ទីរបញ្ចកោណ លោក ភីត ហេកសេត (Pete Hegseth) កាលពីថ្ងៃអង្គារ ។
ប្រតិបត្តិការនេះ ពាក់ព័ន្ធនឹងការវាយប្រហារចំនួន ៣លើកលើកប៉ាល់ចំនួន ៤គ្រឿងកាលពីថ្ងៃចន្ទ ហើយអាជ្ញាធរម៉ិកស៊ិកត្រូវបានប្រគល់ភារកិច្ចឱ្យស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងក្រុមជួញដូរគ្រឿងញៀនដ៏ធំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ។
ចាប់តាំងពីដើមខែកញ្ញាមក មានការវាយប្រហារយ៉ាងហោចណាស់ ១៣ លើកនៅក្នុងតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកដោយកំណត់គោលដៅលើទូកឬកប៉ាល់ដែលគេចោទប្រកាន់ថាដឹកគ្រឿងញៀន ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងយ៉ាងហោចណាស់ ៥៧នាក់ ។
ទន្ទឹមនឹងនោះ មន្ទីរបញ្ចកោណមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារណាមួយនៅឡើយ រួមទាំងបរិមាណគ្រឿងញៀនដែលទូកឬកប៉ាល់ទាំងនោះបានដឹក ជាមួយនឹងអត្តសញ្ញាណរបស់អ្នកដែលត្រូវបានសម្លាប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ Pete Hegseth/X on CNN & AOL/ Reuters