លទ្ធផលប្រឡង បេក្ខជន ចំនួន ៣២១៣នាក់ បានជាប់ជា គ្រូបង្រៀនផ្អែកតាមកិច្ចសន្យាការងារ ដែលនឹងចូលបម្រើការងារ នៅខេត្តចំនួន៥
 
                            
ភ្នំពេញ៖ គណៈកម្មការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង រៀបចំឡើងដោយក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីបានធ្វើកំណែបានបញ្ចប់សព្វគ្រប់ក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ។
បេក្ខជន បានទទួលសិទ្ធិប្រឡងជ្រើសរើសកាលពីថ្ងៃទី២៥ ខែតុលា មានចំនួនជាង ៨០០០នាក់ ខណៈគណៈកម្មការប្រឡងជ្រើសរើសយកបេក្ខជនដែលមានសមត្ថភាពតែចំនួន ៣២១៣នាក់ ដើម្បីឱ្យចូលបម្រើការងារជាគ្រូបង្រៀន ផ្អែកតាមកិច្ចសន្យាការងារ ចំនួន៥ខេត្ត រួមមាន៖ខេត្តព្រៃវែង ចំនួន ៩៣៥កន្លែង, ខេត្តត្បូង ឃ្មុំ ចំនួន ៦៣៨កន្លែង, ខេត្តកំពង់ចាម ចំនួន ៥៦០កន្លែង, ខេត្តបាត់ដំបង ចំនួន ៦៤៧កន្លែងនិងខេត្តតាកែវ ចំនួន ៤៣៣កន្លែង។
កាលពីយប់ថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះ ហត្ថលេខាលើលទ្ធផលប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ៣២១៣នាក់ ដើម្បីបំពេញការងារ ជាគ្រូបង្រៀនជាប់កិច្ចសន្យានៅខេត្តទាំង៥។
លោក ង៉ឹយ ធឿន អនុប្រធាននៃគណៈកម្មកាកំណែវិញ្ញសា បានឱ្យដឹងថា គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបំពេញតាមតម្រូវការនៅក្នុងខេត្តចំនួន៥ នឹងចូលបម្រើការងារនៅដើមខែវិច្ឆិកាឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចាត់ទុកការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងនេះ ជាកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ៣ មានក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារ ដើម្បីបំពេញចន្លោះខ្វះខាត និងលើកកម្ពស់ក្នុងវិស័យអប់រំចំគោលដៅ ទាំងធនធានគ្រូបង្រៀន និងគុណភាពអប់រំ។ លោក មានប្រសាសន៍ថា “ករណីលើស និងខ្វះគ្រូតាមគោលដៅមួយចំនួន យើងឃើញអ្វីដែលស្ថានភាពជាក់ស្ដែង អ៊ីចឹងយើងអាចគិតមើលអ្វីដែលជាការខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សមានបរិ មាណច្រើនក្នុងមួយថ្នាក់ គុណភាពអាចនឹងមានការប៉ះពាល់ដូចគ្នា។”
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ការ ជ្រើសរើសនេះ គ្រូផ្អែកលើកិច្ខសន្យា គឺ មិនត្រឹមតែបំពេញបន្ថែមលើចំនួនគ្រូ ដើម្បីអភិវឌ្ឍន៍គោលនយោបាយវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សទេ ប៉ុន្តែការជ្រើសរើសនេះ នឹងចូលរួមចំណែកលើការដោះស្រាយបញ្ហាឱ្យចំគោលដៅ៕
អត្ថបទ៖ វង សុភ័ក្រ្ត
 
                                 
                                 
                                