ប្រធានគណៈគ្រូពេទ្យជាតិ ណែនាំគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ
សៀមរាប៖ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានក្រើនរម្លឹកដល់គ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមិនត្រូវគិតអ្វីផ្សេងពីការជួយសង្គ្រោះអ្នកជំងឺ។
ថ្លែងក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៩ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានក្រើនរំលឹកថា គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ច អភិវឌ្ឍវិជ្ជាជីវៈបន្តឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយកិត្តិយស។
លោកថា ក្នុងនាមជាគ្រូពេទ្យ ត្រូវខិតខំធ្វើយ៉ាងណាជួយព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងស្មើភាព ព្រោះថាគ្រូពេទ្យជាអ្នកព្យាបាលអ្នកជំងឺដោយមិនគិតពីអ្វីផ្សេងពីនេះឡើយ។ លោកបានបន្តថា ការប្រកបរបរវិជ្ជាជីវៈសុខាភិបាលនេះ មានបញ្ហាប្រឈមច្រើនណាស់ ដូច្នេះការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ នឹងជួយឱ្យគ្រូពេទ្យរួចផុតពីការប្រឈមទាំងនោះ នឹងជួយឱ្យគ្រូពេទ្យទទួលបាននូវគោរពប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ជាមួយគ្នានេះ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជីការ និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈដែលមានសុពលភាព។
លោកសាស្ត្រាចារ្យ ក៏បានណែនាំដល់គណៈកម្មការទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ត្រូវចងក្រងនូវអត្ថបទស្រាវជ្រាវ និងបទបង្ហាញ ជាសារបណ្ដុះបណ្ដាល និងបង្កើតនូវគោលការណ៍រួម ដើម្បីចែករំលែកលទ្ធផល និងបទពិសោធន៍ទៅកាន់មន្ទីរពេទ្យផ្សេងទៀត។ លោកក៏បានគូសបញ្ជាក់ពីការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបន្តរក្សាបាននូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថិរភាពនយោបាយ, សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម។ លោកបន្តថា កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអនុញ្ញាតឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
បើតាម លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ខេត្តសៀមរាបមានគ្រូពេទ្យខ្មែរ និងបរទេសដែលបានចុះបញ្ជីការសរុប ៦៦៦នាក់ ដោយក្នុងនោះមានសមាជិកដែលបានបន្តសុពលភាព ៣៨០នាក់ និងមិនទាន់បានបន្តសុពលភាពចំនួន ២៨៦នាក់។ ក្នុងឆ្នាំ២០២៥នេះដែរ មានសមាជិកផ្ទេរចេញសរុប ១៩៦នាក់ ផ្ទេរចូល ២៨៦នាក់។ ដោយឡែកសមាជិកជាជនបរទេសមានចំនួន ១១១នាក់ ដែលភាគច្រើនជាគ្រូពេទ្យស្ម័គ្រចិត្តមកបម្រើការក្នុងរយៈពេលខ្លី។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មានបេសកកម្មតាមឃ្លាំមើលការអនុវត្តតាមបណ្តាគោលការណ៍សីលធម៌ សុចរឹតភាព និងយុត្តិធម៌។ ជាមួយគ្នានេះគណៈគ្រូពេទ្យក៏ឃ្លាំមើលផងដែរនូវការប្រតិបត្តិរបស់សមាជិកចំពោះករណីកិច្ចវិជ្ជាជីវៈ និងមានតួនាទីការពារកិត្តិយស និងឥស្សរភាពនៃវិជ្ជាជីវៈវេជ្ជសាស្ត្រផងដែរ៕
អត្ថបទ៖ ជា ស្រស់