គម្រោង REDD+ កែវសីមា ក្រៅពីការពារព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក៏បានជួយបង្កើតមុខរបរដល់កសិករ និងបង្កើនជីវភាពរស់នៅប្រជាសហគមន៍
មណ្ឌលគិរី៖ គម្រោងរេដបូក (REDD+) ជាគម្រោងដែលមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
តាមរយៈនេះ REDD+ បានជួយបង្កើតការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ដូចជា ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ចិញ្ចឹមគោ និងការដាំបន្លែជាច្រើនមុខ។ របរនេះមិនត្រឹមបង្កើតការងារដល់ពលរដ្ឋតាមភូមិឃុំទេ តែនៅជួយឱ្យជីវភាពល្អប្រសើរមិនចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើ និងក៏ចូលព្រៃចាប់សត្វព្រៃដូចមុនទៀតឡើយ។
អ្នកស្រី ហាង ឌីយ៉ា កសិកររស់នៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលទទួលបានជំនួយពីគម្រោង REDD+ បានឱ្យដឹងថា អ្នកស្រីបានជ្រើសរើសរបរចិញ្ចឹមសត្វមាន់។ រយៈពេល១ឆ្នាំមកនេះបានធ្វើឱ្យគ្រួសារអ្នកស្រីអាចរកចំណូលបន្ថែមទៀតសម្រាប់គ្រួសារ ហើយស្វាមីរបស់អ្នកស្រីអាចប្រកបរបរនៅក្បែរៗផ្ទះបាន មិនចាំបាច់ចាកចេញពីស្រុកកំណើតទៅប្រកបរបរឆ្ងាយៗពីផ្ទះសម្បែងដូចមុនទៀតឡើយ។
ស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានឱ្យដឹងដែរថា ការចិញ្ចឹមសត្វមាន់ជាង ១០០ក្បាលក្នុងមួយខែ អាចរកចំណូលបានជាង ៥០ម៉ឺនរៀល អាចលក់មាន់រស់ក្នុងមួយគីឡូក្រាម ២ម៉ឺនរៀល និងពងមាន់វិញលក់ក្នុងមួយគ្រាប់ ៦០០រៀល។ ការចិញ្ចឹមសត្វមាន់សាច់ត្រឹមរយៈពេល៣ខែអាចចាប់លក់បានដោយក្នុងមួយក្បាលទម្ងន់ជាង១គីឡូក្រាម។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «កាលពីមុនខ្ញុំមិនមានចំណូលទាល់តែសោះ ហើយខ្ញុំពឹងពាក់លើស្វាមីទាំងស្រុង បើថ្ងៃណាគាត់រកបានគឺមានលុយ តែបើអត់វិញគឺអត់លុយហើយ។ ស្វាមីខ្ញុំដើរស៊ីឈ្នួលគេ ប្រាក់ចំណូលមិនទៀងទាត់ទេ។ ការចិញ្ចឹមមាន់នៅផ្ទះនេះគឺបានជួយដល់ស្វាមីខ្ញុំមួយផ្នែកទៀត»។
លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា គម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់កសិករដែលមានចំនួន២១ភូមិឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេ ថែមទាំងជួយផ្នែកបច្ចេកទេស ពិធីព្យាបាលសត្វមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។
លោក ខៀវ សំណាង បានឱ្យដឹងដែរថា គម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមសត្វមាន់ ដាំបន្លែ ពីឆ្នាំ២០២២មក។ មកដល់ពេលនេះមាន២១ភូមិដែលគម្រោងរេដបូកបានជួយដល់កសិករ។ នៅខេត្តមណ្ឌលគិរីមានស្រុកចំនួន៤ ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វមាន ចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ និងចិញ្ចឹមជ្រូក។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន តាសក់ សណ្តែកកួរ ឆៃថាវ និងការ៉ុត ជាដើម។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា មានគ្របដណ្តប់លើផ្ទៃដី ៣១៧ ៤៥៦ហិកតា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងផ្នែកតូចមួយស្ថិតនៅក្នុងខេត្តក្រចេះ។
ទន្ទឹមនេះអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលការកៀរគរមូលនិធិសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីអ្នកផ្តល់ជំនួយដូចជា USAID, AFD, USFWS, CAMPAS, UNDP, MRLG និងគម្រោងរេដបូកកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗ ដូចជា ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ ការស្រាវជ្រាវ និងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕