សេវាអនាម័យនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមច្រើន ខណៈមន្រ្តីអាជ្ញាធរ និងអង្គការសង្គមស៊ីវិលទាមទារ ឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា
សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការកែលម្អការគ្រប់គ្រងសេវាកម្មទឹកកខ្វក់នៅតំបន់ទីប្រជុំជននៃប្រទេសកម្ពុជា ដែលនេះជាការលើកកម្ពស់សេវាអនាម័យ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសេវាមួយនោះនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលត្រូវរួមគ្នាដោះស្រាយ។
ថ្លែងក្នុងកម្មវិធីសម្ពោធយុទ្ធនាការ "លើសពីបង្គន់” ស្ដីអំពីការគ្រប់គ្រងសំណល់ទឹកកខ្វក់ និងភក់បង្គន់ ក្រោមក្របខ័ណ្ឌគម្រោង ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកស្រី កែវ សុជាតា តំណាងអង្គការហ្គ្រេតប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានមើលឃើញពីវឌ្ឍនភាពដ៏សំខាន់ៗក្នុងការគ្រប់គ្រងអនាម័យទឹកកខ្វក់ និងការគ្រប់គ្រងសំរាមសំណល់។ គម្រោងជាច្រើនបាននឹងកំពុងធ្វើការ យ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែលម្អច្បាប់ បទប្បញ្ញត្តិ ការសាងសង់ហដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការសេវាកម្ម។ លោកស្រីថា ដូចគ្នានេះដែរ វិស័យគ្រប់គ្រងសំរាមសំណល់រឹងក៏កំពុងមានរចនាសម្ព័ន្ធ និងគាំទ្រកាន់តែខ្លាំងឡើងផងដែរ។
លោកស្រីបន្តថា ជាក់ស្ដែង សេវាអនាម័យ គឺជាវិស័យអាទិភាពមួយ ដែលមានតម្រូវការអភិវឌ្ឍន៍ ដែលផ្ដោតជា សំខាន់ទៅលើការពង្រីកសេវាគ្របដណ្តប់គុណភាពសេវា ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិក្នុងការ ទទួលបានសេវា និងការអភិវឌ្ឍន៍សមត្ថភាពដល់អ្នកផ្តល់សេវា។ ដោយឡែក លើបញ្ហាអនាម័យ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការសហការជាមួយគ្រប់ស្ថាប័ន រួមទាំង ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ក្នុងការជំរុញការទទួលបានសេវាអនាម័យ រួមមានការសាងសង់ហេដ្ឋ រចនាសម្ព័ន្ធ ការរៀបចំនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ និងការអភិវឌ្ឍន៍សមត្ថភាពទាំងនៅ ថ្នាក់ជាតិ និងក្រោមជាតិ ជាដើម តួយ៉ាងមានអង្គការហ្គ្រេតផងដែរ ដែលកំពុងសហការអនុវត្តការងារនេះ។
លោកស្រីបន្តថា ទោះយ៉ាងណា នៅមានបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍសេវាអនាម័យ ជាពិសេសគឺការភ្ជាប់ចូលប ណ្តាញប្រព័ន្ធលូ ការបង់ថ្លៃសេវាប្រើប្រាស់ប្រចាំខែ សេវាបូមលូ និងសំណល់ភក់បង្គន់ ដែលសុទ្ធតែកត្តា សំខាន់ក្នុងការធានាបាននូវភាពយូរអង្វែងនៃប្រតិបត្តិការ និងការថែទាំប្រព័ន្ធ។ ហើយកិច្ចការងារទាំងនេះ អាចធ្វើទៅបាន ចាំបាច់ត្រូវមានការសហការពីស្ថាប័នពាក់ព័ន្ធដូចបានរៀបរាប់ខាងដើម។ ទាំងនេះគឺជា ជំហានទៅមុខគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងក៏ទទួលស្គាល់ដែរថាបញ្ហាប្រឈមនៅតែមាន។
បើតាមលោកស្រី កែវ សុជាតិ បញ្ហាប្រឈមសំខាន់ៗរួមមាន ប្រជាពលរដ្ឋមានឆន្ទៈទាបក្នុងការចំណាយលើសេវាអនាម័យទឹកកខ្វក់។ ការយល់ដឹងមានកម្រិតអំពីហានិភ័យដែលទាក់ទងនឹងការចោលសំរាមសំណល់មិនត្រឹមត្រូវ និងការគ្រប់គ្រងសំណល់ទឹកកខ្វក់ដែលមិនមានសុវត្ថិភាព ឬការបញ្ចេញសំណល់ទឹកកខ្វក់ដែលមិនបានចម្រោះអោយមានសុវត្ថិភាពទៅក្នុងបរិស្ថាន។ លោកស្រីថា ការលើកកម្ពស់ការយល់ដឹង និងជំរុញការផ្លាស់ប្តូរឥរិយាបទ គឺជារឿងចាំបាច់។ បើគ្មានការផ្លាស់ប្តូរផ្នត់គំនិត មនុស្សនឹងមិនឱ្យតម្លៃលើសេវាកម្មទាំងនេះឡើយ ហើយក៏មិនព្រមបង់ថ្លៃសេវាផងដែរ។ ប្រសិនបើសេវាកម្មមិនទទួលបានថ្លៃសេវាទេ និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់នឹងជួបហានិភ័យ។ ដូច្នេះហើយ បន្ថែមពីលើការលើកកម្ពស់ការយល់ដឹង យើងក៏ត្រូវតែអនុវត្តយុទ្ធសាស្ត្រទី ផ្សារដែលធ្វើឱ្យសេវាគ្រប់គ្រងអនាម័យ និងសំណល់ទឹកកខ្វក់ កាន់តែមានភាពទាក់ទាញ បង្កើនភាពជឿ ជាក់ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រួសារ ប្រជាពលរដ្ធ។
ចំណែក លី សារី អភិបាលរងខេត្តសៀមរាបក៏បានលើកឡើងដែរថា សេវាអនាម័យ គឺជាវិស័យអាទិភាពមួយ ដែលមានតម្រូវការអភិវឌ្ឍន៍ ដែលផ្តោតជាសំខាន់ទៅលើការពង្រីក សេវាគ្របដណ្តប់ គុណភាពសេវា ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិក្នុងការទទួលបានសេវា និងការ អភិវឌ្ឍន៍សមត្ថភាពដល់អ្នកផ្តល់សេវា។ ដោយឡែកជាទស្សនវិស័យរបស់ខេត្ត យើងប្តេជ្ញាចូលរួមយ៉ាង សកម្មជាមួយរដ្ឋាភិបាលថ្នាក់ជាតិ និង ក្រសួងសាធារណការ និងដឹកជញ្ជូន លើបញ្ហាអនាម័យ ដោយមាន ការចូលរួមសហការ ជាមួយគ្រប់ស្ថាប័ន រួមទាំង ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ នានា ក្នុងការជំរុញការទទួលបានសេវាអនាម័យ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមអនុវត្ត ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ និងការអភិវឌ្ឍន៍សមត្ថភាពទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ជា ដើម និងជាពិសេសជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តយើងផ្ទាល់ផងដែរ។
ទោះយ៉ាងណា នៅមានបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍន៍សេវាអនាម័យ ជាពិសេសគឺការភ្ជាប់ ចូលបណ្តាញប្រព័ន្ធលូ ការបង់ថ្លៃសេវាប្រើប្រាស់ប្រចាំខែ ឥរិយាបថ និងទំលាប់នៃការប្រើប្រាស់របស់ប្រជា ពលរដ្ឋ សេវាបូមលូ និងសំណល់ភក់បង្គន់ ដែលសុទ្ធតែកត្តាសំខាន់ក្នុងការធានាបាននូវភាពយូរអង្វែង នៃប្រតិបត្តិការ និងការថែទាំប្រព័ន្ធ។ ហើយកិច្ចការងារទាំងនេះអាចធ្វើទៅបាន ចាំបាច់ត្រូវមានការសហការពី ស្ថាប័នពាក់ព័ន្ធ។
លោកលី សារី បន្តថា ព្រឹត្តិការណ៍បើកសម្ភោធយុទ្ធនាការ “លើសពីបង្គន់” ក្នុងថ្ងៃនេះ ជាការប្រកាសបើកជាសាធារណៈនូវការអនុវត្តគម្រោងផ្សព្វផ្សាយ ក្នុងក្រុងសៀមរាប និងទៅដល់សហគមន៍ និងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ដើម្បីគៀងគរការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបានយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មឆ្ពោះទៅកាន់អនាគតទីក្រុងបៃតង ទីក្រុងដែលមាន អនាម័យ និងទីក្រុងដែលប្រកបដោយផាសុខភាព មិនថានៅទីសាធារណៈ ឬនៅតាមផ្ទះរបស់បងប្អូន ប្រជាពលរដ្ឋ ដោយចាប់ផ្ដើមពីការបើកចិត្តទទួលរៀនសូត្រ និងស្វែងយល់បន្ថែម អំពីការគ្រប់គ្រង សំណល់ទឹកកខ្វក់ និងការថែទាំប្រព័ន្ធលូទឹកកខ្វក់របស់យើងឲ្យបានត្រឹមត្រូវ និងមានចិរភាព៕
អត្ថបទ៖ ជា ស្រស់