ព័ត៌មានជាតិ

កុមារកម្ពុជាបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ស្ថិតក្នុងតួលេខគួរឱ្យព្រួយបារម្ភ

image


ភ្នំពេញ៖ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក យូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋកម្ពុជាប្រមាណ ៧.៦នាក់ ក្នុងចំណោម ១០ម៉ឺននាក់ បានស្លាប់ដោយសារការលង់ទឹក ហើយភាគច្រើនជាកុមារអាយុក្រោម១៥ឆ្នាំ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ បានសម្លាប់មនុស្សចំនួន ១ ៥៨៨នាក់ ក្នុងនោះកុមារ និងយុវជនអាយុចន្លោះពី១៥-១៩ឆ្នាំ ស្ថិតក្នុងចំណោមតួលេខអ្នកស្លាប់ដ៏គួរឱ្យបារម្ភ។ ការណ៍នេះរាជរដ្ឋាភិបាល ក៏ដូចជាអ្នកធ្វើការងារពាក់ព័ន្ធនឹងជនរងគ្រោះ កំពុងរិះរកវិធីដើម្បីបញ្ចៀសកុមារពីគ្រោះថ្នាក់ទាំងនោះ។
ទាក់ទងនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ (UNICEF) និងដៃគួរពាក់ព័ន្ធ បានផលិតជាវីដេអូអប់រំស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពី ការបង្ការការលង់ទឹក ហើយត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពី លោក វីល ផាកស៍ (WILL Parks) ប្រធានអង្គការយូនីសេហ្វ (UNICEF ) ប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ផងដែរ។
បន្ទាប់ពីការទស្សនាវីដេអូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការស្លាប់ របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ ពោលគឺ ដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផលផុស ជាដរាបគ្មានទីបញ្ចប់។
ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះឱ្យបានកាន់តែសកម្ម និងទូលំទូលាយ ជាអាទិ៍ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម LED ផ្សាយពាណិជ្ជកម្មលើដងផ្លូវ ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋគ្រប់រាជធានីខេត្ត រួមទាំងការផ្សព្វផ្សាយនៅតាមតំបន់គោលដៅទេសចរណ៍នានាជាដើម។
ក្នុងឱកាសនោះដែរ លោក វីល ផាកស៍ នាយកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ជារៀងរាល់ព្រឹក កុមារនៅទូទាំងប្រទេសកម្ពុជាបានចេញដំណើរទៅសាលារៀន កុមារខ្លះដើរតាមផ្លូវមមាញឹក អ្នកខ្លះទៀតឆ្លងកាត់ទន្លេ ឬវាលទំនាបលិចទឹក ភាគច្រើនទៅដល់សាលារៀន ប៉ុន្តែជារឿងដ៏សោកសៅ គឺមានកុមារមួយចំនួនមិនបានទៅដល់សាលាដោយសុវត្ថិភាពនោះទេ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក គណៈករណីផ្សេងទៀត ក៏បណ្ដាលឱ្យកុមារជួបគ្រោះថ្នាក់ដូចគ្នានេះដែរ។ ក្នុងនាមយូនីសេហ្វ លោកមានមោទនភាពដែលបានចូលរួមគាំទ្រយុទ្ធនាការជំរុញការផ្សព្វផ្សាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា៕