ព័ត៌មានជាតិ

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅជួរក្រោយតែងតែដឹងគុណ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខចំពោះការតស៊ូ ពលី លះបង់ដើម្បីការពារទឹកដីពីខ្មាំងសត្រូវ

image

ឧត្តរមានជ័យ៖​ លោក​ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសួរសុខទុក្ខ ក៏ដូចជានាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងនោះក៏មាន​ជំនួយឧបត្តមពីអង្គការ​ការអភិវឌ្ឍន៍កុមារកម្ពុជាផងដែរ​ ជូនវីរកងទ័ពដែលប្រចាំការនៅកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ស្ថិតនៅភូមិគូ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នូវការសួរសុខទុក្ខ សេចក្តីនឹករលឹក ការគិតគូរ និងការយកចិត្តទុកដាក់បំផុតចំពោះវីរកងទ័ពដែលឈរជើងនៅជួរមុខប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារជាតិទឹកដីពីការឈ្លានពាន។ លោកទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពតាមមធ្យោបាយផ្សេងៗដែលអាចធ្វើបាន ដោយមិនទុកឱ្យកងទ័ពមានអារម្មណ៍ឯកោនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ ជាក់ស្ដែង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ប្តឹងដល់យន្តការអន្តរជាតិ​ និងតំបន់ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ អនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងជំរុញឱ្យមានការដោះលែងវីរកងទ័ពទាំង ១៨នាក់ ផងដែរ។ បច្ចុប្បន្នក៏កំពុងតែមមាញឹកក្នុងការទប់ទល់ចំពោះការបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ផងដែរ។

លោកទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណ មិនត្រឹមតែអរគុណដល់វីរកងទ័ពទេ គឺអរគុណដល់ក្រុមគ្រួសារដែលបានលះបង់កូនចៅ ឪពុក ម្តាយ ពេលវេលា មកការពារទឹកដីកម្ពុជា​ និងលើកទឹកចិត្តដល់កងទ័ព បន្តព្យាយាមតស៊ូ និងជឿជាក់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែឈរនៅជាមួយយើងជានិច្ច៕