នាវាបរទេសមួយគ្រឿងបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានសមត្ថកិច្ចឃាត់នៅលើដែនសមុទ្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ ក្រោមបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការប្រចាំទិសភូមិភាគ៣ បានដឹកនាំកម្លាំងចាប់ឃាត់នាវាមួយគ្រឿង ឈ្មោះ COURAGEOUS ប្រភេទនាវាដឹកប្រេងរបស់ជនបរទេសដែលចូលដែនទឹកកម្ពុជាក្នុងចន្លោះកោះតាង និងកោះពូលូវ៉ៃ មិនមានការអនុញ្ញាត ។

ប្រតិបត្តិការនេះអនុវត្តន៍ដោយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងរួមរបស់នគរបាលការពាំរព្រំដែនទឹក កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នាវានេះត្រូវបានសមត្ថកិច្ចនគរបាលព្រំដែនទឹក នាំចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន មានប្រសសន៍ថា តាមការបំភ្លឺរបស់អ្នកទទួលខុសត្រូវនាវានេះ បានបញ្ជាក់ឲ្យសមត្ថកិច្ចដឹងថា នាវាដែលត្រូវបានឃាត់មានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាននាវឹកចំនួន១៦នាក់ និងបានទទួលបញ្ជាឲ្យចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះបានបោះយុថ្កានៅចំណុចនិយាមការ N10o05.1300’, E103o07.8593’ ដើម្បីរង់ចាំបទបញ្ជាជាថ្មីពីថៅកែ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបន្តទៀតថា តាមព័ត៌មាន និងឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាវានេះធ្លាប់ធ្វើសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(សេចក្តីសម្រេចេលខ 2375 និង 2397 អនុម័តនាខែកញ្ញា ឆ្នាំ២០១៧) ក្នុងការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK) ដែលហាមឃាត់ការផ្ទេរពីនាវាទៅនាវា (SHIP-TO-SHIP/ STS) ទៅទូកដឹកទំនិញ របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។

បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation