សង្គម

ម្តាយអុជធូបបួងសួង ក្រោយកូនប្រុសរបស់ខ្លួន លោតទឹកប្រឡាយលូ ដើម្បីជួយនារីម្នាក់ តែបានបាត់ដំណឹង

image

ភ្នំពេញ៖ ក្រុមគ្រួសារបុរសម្នាក់ បានសុំឱ្យមានអ្នកជួយមុជទឹករកបុរសរងគ្រោះម្នាក់ បន្ទាប់ពីបាត់ដំណឹងអស់ ១យប់ ក្រោយលោតទឹកប្រឡាយលូ ដើម្បីជួយនារីម្នាក់ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅក្រោមស្តុបលូ៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមវីដេអូឃ្លីបថតចេញពីកាមេរ៉ាសុវត្ថិភាព បង្ហាញថា នៅយប់កើតហេតុ វេលាម៉ោង៤និង៣៤នាទីទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អំឡុងពេលមេឃកំពុងធ្លាក់ភ្លៀង គេបានឃើញឃើញរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ បានឈប់នៅបណ្តោយផ្លូវទ្រុងមាន់ ក្បែរស្តុបលូ៣ ។ បន្ទាប់មកគេបានឃើញបុរសម្នាក់ ពាក់អាវយឺតពណ៌ស ចេញពីរថយន្តទ្វារខាងស្តាំ ដើរសម្តៅទៅកាន់បង្គោលភ្លើង រួចក៏ក្អួតចង្អោរ ។ ប៉ុន្មានវិនាទីក្រោយមក គេឃើញនារីម្នាក់ ស្លៀកពាក់រ៉ូបពណ៌ខ្មៅ បើកទ្វារខាងឆ្វេងចេញពីរថយន្ត ដើរទៅរកបុរសខាងលើ ដោយស្ទុះទៅអោប និងបង្កើតភាពស្និទ្ធស្នាល ។

បន្ទាប់ពីស្និទ្ធស្នាលគ្នាក្នុងស្ថានភាពដូចស្រវឹងរួចមក អ្នកទាំង២បានបបួលគ្នាទៅឈរក្បែរមាត់ប្រឡាយ ដោយខាងស្រីឡើងឈរលើបង្កាន់ដៃបេតុងមាត់ប្រឡាយលូ ចំណែកខាងប្រុសនៅឈរលើផ្លូវក្បែរនោះ ។ គេឃើញខាងស្រីដើរបាន៩ ទៅ១០ជំហ៊ាន ក៏បោះមួយជំហ៊ានទៀតធ្លាក់ចូលប្រឡាយលូតែម្តង ស្របពេលខាងប្រុសកំពុងឱបក្បាលច្រត់ដៃទៅរបាំងថ្ម មិនបានចាំភ្លឹក ។ បន្ទាប់ពីដឹងថាខាងស្រីធ្លាក់ទឹក ខាងប្រុសក៏សម្រេចចិត្តលោតទៅជួយ តែក៏លិចបាត់ទៅទាំង២នាក់តែម្តង ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៤ទៀបភ្លឺ គេបានប្រទះឃើញសពនារីម្នាក់ ដែលមានភិនភាគដូចនារី នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពខាងលើ អណ្តែតនៅចំណុចប្រឡាយលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទើបអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងនាំគ្នាស្រង់លើកមកលើគោក និងបានទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកបុរសដែលលោតទៅតាម នៅតែបាត់ដំណឹងមិនទាន់រកឃើញនោះទេ រហូតមកដល់បច្ចុប្បន្ន គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។

គេឃើញមានអ្នកស្ម័គចិត្តចុះរាវរកដែរតែមិនឃើញ ដោយអ្នកចុះរាវរក បានរៀបរាប់ទាំងភ័យញ័រខ្លួនថា ខ្លួនបានចុះទៅរាវរកមនុស្សនៅក្នុងប្រឡាយលូ ត្រង់ចំណុចកន្លែងធ្លាក់នោះ ប៉ុន្តែបែរជាមានអ្វីត្រជាក់ ដូចដៃមនុស្សចាប់កជើងគាត់ឡើងជាប់ ធ្វើឱ្យគាត់ភ័យ ស្ទុះឡើងមកលើវិញ អុចធូបសុំខមាទោស និងលែងហ៊ានចុះទៀត ។

បើទោះបីជាយ៉ាងណា ក្រុមគ្រួសារ បានស្រែកប្រកាសថា បើមានអ្នកណាក៏ដោយ មិនថាក្រុមជំនាញមុជទឹក ឬពលរដ្ឋធម្មតា ឱ្យតែរកឃើញបុរសបាត់ខ្លួនខាងលើ ពួកគាត់នឹងជូនសគុណលើកទឹកចិត្ត ៕

រូបភាព អត្ថបទ រដ្ឋ រង្សី



ទិដ្ឋភាពក្រុមគ្រួសារអុចធូប បួងសួងរកបុរសបាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចប្រឡាយលូ៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។



សពនារីខាងលើ ត្រូវបានប្រទះឃើញ ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅប្រឡាយលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។