រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកភ្នំពេញ

ភ្នំពេញ៖ ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងការសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ តុលានេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមកភ្នំពេញ។ ក្នុងនោះដែរ ជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុងផងដែរ”។
លោក ឃួង ស្រេង បញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់៕
















