កាន់តែទំនើប! ចិនដាក់ឱ្យប្រើប្រាស់ទូបញ្ជរវេជ្ជសាស្ត្រដើរដោយ AI ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ
សិនជិន, ចិន៖ ទីក្រុងសិនជិនដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន កំពុងតែធ្វើការផ្លាស់ប្ដូរទៅកាន់សេវាថែទាំសុខភាពយ៉ាងអស្ចារ្យ តាមរយៈការដាក់បញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យ៉ាងទូលំទូលាយជាមួយនឹងទូបញ្ជរវេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌលដឹកជញ្ជូន និងទីតាំងសាធារណៈផ្សេងទៀត ។
មកទល់នឹងពេលនេះ ទូបញ្ជរវេជ្ជសាស្ត្រ ឬទូពេទ្យស្វ័យប្រវត្តិ (Kiosks) និងបរិក្ខារវិនិច្ឆ័យឆ្លាតវៃដំណើរការដោយ AI ជិត ៤៥០ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈដើម្បីធ្វើការវិនិច្ឆ័យរោគជាមូលដ្ឋាន ដូចជាសម្ពាធឈាម ចង្វាក់បេះដូង និងកម្រិតអុកស៊ីហ្សែន មុនពេលដំណើរការការវិនិច្ឆ័យរហ័សដោយប្រើបញ្ញាសិប្បនិម្មិត និងបណ្តាញតេឡេវេជ្ជកម្ម និងផ្ដល់ថ្នាំដល់អ្នកជំងឺភ្លាមៗ ជាមួយនឹងលក្ខណៈចម្រុះ និងស៊ីជម្រៅ ព្រមទាំងកាត់បន្ថយពេលរង់ចាំច្រើនជាង ៧៥%។ ឧទាហរណ៍៖ រង់ចាំពេទ្យធម្មតា ត្រូវចំណាយពេល ២ម៉ោង ប៉ុន្តែនៅពេលប្រើប្រាស់ទូបញ្ជរវេជ្ជសាស្ត្រ នឹងចំណាយពេលប្រហែល ២៣នាទីប៉ុណ្ណោះ ។
គោលដៅជាចម្បងនោះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រដែលមានប្រសិទ្ធភាព ឆាប់រហ័ស និងជួយសម្រាលបន្ទុកការងាររបស់គ្រូពេទ្យ។ គំរូចុងក្រោយនេះ បានបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការរង់ចាំជាមធ្យមយ៉ាងគំហុករបស់អ្នកជំងឺ ។
ក្រៅពីនេះ គេក៏បានប្រើប្រាស់ AI ដើម្បីវិភាគអណ្ដាតនិងផ្ទៃមុខដែលមានប្រវត្តិជាយូរណាស់មកហើយនៅក្នុងវេជ្ជសាស្ត្របុរាណចិន ដោយជួយក្នុងការវិនិច្ឆ័យរូបភាពវេជ្ជសាស្ត្រ និងជួយសរសេរកំណត់ត្រាវេជ្ជសាស្ត្រដោយស្វ័យប្រវត្តិ ។
ដំណើរការពង្រីកបច្ចេកវិទ្យាវេជ្ជសាស្ត្រ រួមបញ្ចូលដោយ AI ខាងលើនេះ បានទៅដល់មណ្ឌលសុខភាពសហគមន៍ជាង ៤០០ ក្នុងចំណោម ៩៧០កន្លែងក្នុងទីក្រុង។ ជាមួយនឹងការសាកល្បងដំបូងដែលបង្ហាញពីអត្រាភាពត្រឹមត្រូវដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងភាពត្រឹមត្រូវ ៩៥.៦% ក្នុងការធ្វើរោគវិនិច្ឆ័យ មន្ទីរពេទ្យនិម្មិតនេះ ត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីជួយដល់គ្រូពេទ្យ និងកាត់បន្ថយបន្ទុកការងាររដ្ឋបាលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទីកន្លែងហ្វឹកហាត់ល្បឿនលឿន និងគ្មានហានិភ័យសម្រាប់និស្សិតពេទ្យទៀតផង ។
លើសពីនេះ ទីក្រុងសិនជិន ក៏បានចាប់ផ្ដើមប្រព័ន្ធដឹកជញ្ជូនឱសថដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ដែលជួយកាត់បន្ថយពេលដឹកជញ្ជូនថ្នាំរហូតដល់ ៧៥% ថែមទៀតផង។ ឧទាហរណ៍៖ ការដឹកជញ្ជូនធម្មតា ត្រូវចំណាយពេល ៣០នាទី ប៉ុន្តែនៅពេលប្រើប្រាស់ដ្រូនដឹកថ្នាំ នឹងចំណាយពេលប្រហែល ៦នាទីប៉ុណ្ណោះ។ តាមរយៈផែនការសកម្មភាពឆ្នាំ ២០២៥-២០២៦ ទីក្រុងនេះ មានគោលបំណងបង្កើតនូវប្រព័ន្ធសេវាឆ្លាតវៃដ៏ទូលំទូលាយដែលគ្របដណ្ដប់លើការការពារ ការវិនិច្ឆ័យជំងឺ និងការស្ដារនីតិសម្បទាជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Shenzhen Government Online/ Business Bulls via Fresh News