ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន នាចុងសប្តាហ៍នេះ

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់ អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ របៀបវារៈឆ្នាំ ២០៣០សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

នៅក្នុងខណៈពេលនៃកិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃសេចក្តីប្រកាសទីក្រុងប៉េកំាង សម្តេចប្រធានរដ្ឋសភា នឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះ មុត និងមានទស្សនៈវែងឆ្ងាយរបស់សភា ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តំាងពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ត មកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា ”ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច”។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភាធិបតី មានគម្រោងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះមាន លោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនផងដែរ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែសកម្មស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រ យោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមានពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម និងទេសចរណ៍ជាដើម៕

អត្ថបទ៖ វង សុភ័ក្ត្រ