ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ

image


ភ្នំពេញ៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Roosevelt Skerrit នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោក ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។

ដំណើរទស្សនកិច្ចការងាររបស់បណ្ឌិត Roosevelt Skerrit មកកាន់កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕