ចៅអធិការវត្តភ្នំរាប ក្នុងស្រុកកំពង់តា្រច ខេត្តកំពត ព្រមលាចាកសិក្ខាបទ ក្រោយទទួលស្គាល់ភាពបរាជិក
កំពត៖ ដោយមានការមន្ទិលសង្ស័យពីភាពលាក់បាំងព្រោះតែលេចចេញនូវពាក្យរិះគន់មួយចំនួន ព្រះមេគណខេត្តកំពត បានកោះហៅព្រះតេជគុណ សុត ដាវី មកសួរនាំជាលើកទី២ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ រហូតជំរុញឱ្យចៅអធិការវត្តភ្នំរាបឆ្លើយសារភាព និងទទួលស្គាល់នូវភាពបរាជិក ហើយយល់ព្រមលាចាកសិក្ខាបទដោយមិនរង់ចាំដល់បញ្ចប់រដូវបុណ្យកឋិននោះឡើយ។
លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានបញ្ចាក់ថា ដោយសារមានពាក្យរិះគន់លេចចេញពីច្រើនមជ្ឈដ្ឋាន នៅព្រឹកថ្ងៃទី៧ ខែតុលា ព្រះមេគណខេត្តបានតម្រូវឱ្យក្រុមការងារនិមន្តចៅអធិការវត្តភ្នំរាប ដែលស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច មកសួរនាំជាថ្មីនៅទីអារាមវត្តជុំក្រៀល។ នៅចំពោះមុខព្រះមេគណខេត្ត និងមន្ត្រីពាក់ព័ន្ធ សម្រាប់ការឆ្លើយបំភ្លឺលើកទី២នេះ ព្រះអង្គ សុត ដាវី បានសារភាពនូវរាល់ទង្វើដែលបានប្រព្រឹត្តជាមួយស្ត្រីភេទ រួចក៏ទទួលស្គាល់កំហុសដែលធ្លាក់ចូលដល់ភាពបរាជិក។ ក្រោយបញ្ជាក់រួចរាល់ ចៅអធិការវត្តភ្នំរាបក៏ព្រមលាចាកសិក្ខាបទដោយពុំមានការបង្ខិតបង្ខំណាមួយឡើយ។
ជាកិច្ចបន្ត មន្ទីរប្រគល់ការងារនេះជូនព្រះមន្ត្រីសង្ឃស្រុកកំពង់ត្រាចដើម្បីចុះពិនិត្យមើលគរុភ័ណ្ឌ (ទ្រព្យសម្បត្តិវត្ត) ព្រមទាំងចាត់ភិក្ខុអង្គណាមួយដែលគង់នៅក្នុងវត្តសាមី ឬបើមិនមានទេត្រូវនិមន្តពីវត្តផ្សេងធ្វើជាចៅអធិការស្តីទី។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ មន្ត្រីសង្ឃខេត្តកំពត បានកោះហៅ ព្រះអង្គ សុត ដាវី ចៅអធិការវត្តភ្នំរាប ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធករណីបែកធ្លាយព័ត៌មានពីការទាក់ទងជាមួយនារីច្រើននាក់ ព្រោះតែព្រះអង្គមានលុយសន្ធឹកសន្ធាប់។
យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានឱ្ថាយដឹងថា ឆ្លេីយតបនឹងការសាកសួរគឺព្រះអង្គ សុត ដាវី បានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ដោយអះអាងថាជារូបភាពកាត់ត និងប្រើកម្មវិធី អេ.អាយ បំណងមូលបង្កាច់កិត្តិនាមរបស់ព្រះអង្គ។
ទោះជាបែបនេះក្តី ចៅអធិការវត្តភ្នំរាបបានទូលប្រគេនព្រះមេគណខេត្ត និងមន្ត្រីពាក់ព័ន្ធថា ព្រះអង្គនឹងលាចាកសិក្ខាបទនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺ ក្រោយបញ្ចប់រដូវកាលបុណ្យកឋិនខាងមុខ៕
អត្ថបទ៖ វង្ស សុធារម្យ