មេដឹកនាំម៉ាឡេស៊ី-ប៉ាគីស្ថាន ជួបពិភាក្សាគ្នាអំពីកិច្ចការពង្រឹងទំនាក់ទំនង និងបញ្ហានៅតំបន់ហ្គាហ្សា
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស៊ើបាស់ សារីហ្វ (Shehbaz Sharif) បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅក្នុងទីក្រុងពូត្រាយ៉ាចា (Putrajaya) កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយដែលមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
អំឡុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន ដោយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោកនាយករដ្ឋមន្ត្រី អាន់វ៉ា (Anwar) បានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា និងតម្រូវការសម្រាប់បទឈប់បាញ់ ។
លោកអាន់វ៉ា (Anwar) បានកត់សម្គាល់ថា សេចក្ដីថ្លែងការណ៍ធម្មតាគឺមិនគ្រប់គ្រាន់នោះទេ ដោយលោកបានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង និងច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅទីនោះ ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកសារីហ្វ (Sharif) ក៏បានបង្ហាញនូវគំនិតយល់ស្រប ដោយថ្លែងថា «ទាំងប៉ាគីស្ថាន និងម៉ាឡេស៊ី សុទ្ធតែគាំទ្រផែនការសន្តិភាព ២០ ចំណុចរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។
ជាងនេះទៀត មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានា ដូចជា វិស័យការពារជាតិ, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ លើសពីនេះ លោកសារីហ្វ (Sharif) បានអះអាងពីការគាំទ្ររបស់ប៉ាគីស្ថានចំពោះតួនាទីជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី និងបានបង្ហាញពីឆន្ទៈរបស់ប៉ាគីស្ថានក្នុងការក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Picture from X/Anwar Ibrahim via Malay Mail/ REUTERS via The Straits Times/ Bernama via The Star