ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីត្រាំ ស្នើធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

image

សហរដ្ឋអាម៉េរិក៖ មានសេចក្ដីរាយការណ៍មួយពីសារព័ត៌មាន Politico របស់អាម៉េរិក ដែលបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះដោយដកស្រង់ចេញពីសេតវិមានថា «ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណាល់ ចន ត្រាំ (Donald John Trump) បានស្នើធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ អំឡុងវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ ២០២៥។

លោកប្រធានាធិបតីត្រាំ ចង់ប្រើប្រាស់នូវព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់លោកក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេល ៥ថ្ងៃកាលពីខែកក្កដា និងពង្រឹងកេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជា «អ្នកបង្កើតសន្តិភាព»។ បន្ថែមពីនេះ លោកក៏បានស្នើសុំឱ្យដកមន្ត្រីចិនចេញពីពិធីចុះហត្ថលេខាផងដែរ ដែលមតិខ្លះយល់ថា ដើម្បីបង្កើនឥទ្ធិពលរបស់លោកត្រាំ និងបន្សាបឥទ្ធិពលចិនជុំវិញដំណោះស្រាយព្រំដែនកម្ពុជា-ថៃ។

សំណើរបស់លោកប្រធានាធិបតីត្រាំ បានធ្វើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ស្ថិតនៅក្នុងស្ថានភាពពិបាកសម្រេចចិត្តជាខ្លាំង ដោយសារតែម៉ាឡេស៊ី កំពុងតែត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកដើម្បីកាត់បន្ថយអត្រាពន្ធគយខ្ពស់ ប៉ុន្តែនៅពេលម៉ាឡេស៊ីយល់ព្រមតាមតម្រូវការរបស់លោកត្រាំ នឹងធ្វើឱ្យប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនត្រូវខកចិត្ត។ បន្ទុកមួយផ្សេងទៀតនោះ លោកអាន់វ៉ា នឹងត្រូវប្រឈមមុខ ឬដោះស្រាយជាមួយមតិសាធារណៈក្នុងប្រទេសរបស់ខ្លួន ដែលមនុស្សមួយចំនួនមិនពេញចិត្តលោកត្រាំ ព្រោះតែលោកត្រាំគាំទ្រអ៊ីស្រាអ៊ែល៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Politico | រូបភាព-Photo៖ Michael M. Santiago/Getty Images/ The Laotian Times/ Raymond Manuel via Malay Mail