ព័ត៌មានជាតិ

ខេត្តសៀមរាប នឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់វិស័យទេសចរណ៍

image


សៀមរាប៖ ក្រៅពីជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ខេត្តសៀមរាប ក៏នឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់វិស័យទេសចរណ៍ ដោយសារតែខេត្តនេះមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ជាច្រើន ហើយត្រូវបានទទួលស្គាល់ថា មានស្តង់ដារស្របតាមគោលការណ៍អាស៊ាន។
លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងពិធីបើកបានសិក្ខាសាលាផ្សព្វផ្សាយយន្ដការវាយតម្លៃជាមុន លើសេវាកម្មសណ្ឋាគារ រួមមាន ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលធ្វើឡើងនៅ ខេត្ដសៀមរាប នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថា ដោយមើលឃើញពីវឌ្ឍនភាពនៃការអនុវត្ត គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (MRA) នៅកម្ពុជា ប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានគាំទ្រដល់កម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន” កាលពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៥។​
លោកស្រីបានបន្តថា តាមរយៈសិក្ខាសាលាថ្នាក់តំបន់នេះ ជាការជួយតម្រង់ទិសបន្ថែម និងជំរុញដល់ការទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន។ ជាក់ស្តែងនៅខេត្តសៀមរាប មានសាលាបណ្ដុះបណ្ដាលវិស័យទេសចរណ៍ជាច្រើន ដែលត្រូវបានទទួលស្គាល់ជាសាលាមានជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាពប្រចាំខេត្តសៀមរាបផងដែរ។
លោកស្រី វណ្ណ សេរីរ័ត្ន ក៏ទទួលស្គាល់ពីការចូលរួមដ៏សកម្មរបស់សាលា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានមួយចំនួនទៀត ដែលបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ទាំងអ្នកជំនាញថ្មី និងការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍កំពុងបម្រើការងារបច្ចុប្បន្នផងដែរ។ តាមរយៈយន្តការអាស៊ាន ក្រសួងទេសចរណ៍បានបណ្តុះបណ្តាល និងវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍កម្ពុជា ក្នុងសេវាកម្មសណ្ឋាគារ ចំនួនប្រមាណ ២ ២០០រូប រួចមកហើយ ខណៈដែលមានអ្នកជំនាញទេសចរណ៍ជាច្រើនមានសមត្ថភាព និងមានបទពិសោធន៍ ប៉ុន្តែពុំទាន់មានការទទួលស្គាល់គុណវុឌ្ឍកម្រិតជាតិ និងអាស៊ានច្បាស់លាស់។ លោកស្រីលើកឡើងថា តាមយន្តការនេះវាយតម្លៃលើការសិក្សាពីមុន (RPL) នឹងក្លាយកាលានុវត្តភាពថ្មីរបស់អ្នកជំនាញកម្ពុជា ដើម្បីមានឱកាសទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិស្របតាមស្តង់ដាសមត្ថភាពអាស៊ាន និងមានការទទួលស្គាល់កម្រិតអាស៊ាន ដែលនឹងអាចអភិវឌ្ឍវិថីអាជីពការងាររបស់ខ្លួនកាន់តែល្អប្រសើរបន្ថែមទៀតទៅថ្ងៃអនាគត។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សិក្ខាសាលានាពេលនេះ ក្នុងគោលបំណងផ្ទេរនូវទេពកោសល្យ និងបទពិសោធន៍ល្អៗ ទៅដល់សិក្ខាកាមទាំងអស់ឱ្យទទួលបាននូវការអភិវឌ្ឍ និងពង្រឹងចំណេះដឹងឱ្យកាន់តែច្បាស់នូវប្រភេទវិជ្ជាជីវៈផ្សេងៗគ្នា ទៅតាមចំណូលចិត្ត និងទៅតាមឧបនិស្ស័យរបស់ខ្លួន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជិវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ ជាពិសេសលើកកម្ពស់គុណភាពសេវាកម្មផ្នែកទេសចរណ៍ នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរជាងមុន។
លោកបន្ដថា ខេត្ដទេសចរណ៍មួយនេះ កំពុងពង្រឹង និងពង្រីកវិសាលភាពនៃការបម្រើសេវាកម្មទេសចរណ៍ខេត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាព និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពស្រស់បំព្រង រស់រវើក ដូចជា ផ្លូវថ្នល់ រុក្ខវិថី និងដងស្ទឹងសៀមរាប ដែលសក្តិសមជា “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ពិសេសលើកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពលើកិច្ចថែរក្សាការពារ និងអភិរក្ស ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញឱ្យខេត្តសៀមរាបក្លាយជាទីផ្សារទេសចរណ៍ ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ជា ស្រស់