អ៊ុយក្រែន ប្រកាសត្រៀមនាំចេញអាវុធលក់ទៅឱ្យអាម៉េរិក និងអឺរ៉ុប ដើម្បីរកប្រាក់ចំណូលការពារជាតិ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) កាលពីដើមសប្ដាហ៍នេះ បានប្រកាសថា ប្រទេសរបស់លោកមានគម្រោងចាប់ផ្តើមនាំចេញគ្រឿងយុទ្ធោបករណ៍យោធាដែលមានលើសពីតម្រូវការស្រាប់ ក្រោមគោលបំណងដើម្បីបង្កើតប្រាក់ចំណូលសម្រាប់បំពេញតម្រូវការការពារជាតិបន្ថែមទៀត ។
អំឡុងថ្លែងនៅក្នុងវេទិកាឧស្សាហកម្មការពារជាតិអន្តរជាតិនៅរដ្ឋធានីគីវ លោក Zelensky បានបញ្ជាក់ថា លោកបានណែនាំរដ្ឋាភិបាលរបស់លោកឱ្យបង្កើតប្រព័ន្ធសម្រាប់ដំណើរការនាំចេញជាផ្លូវការចំពោះប្រភេទអាវុធដែលផលិតដោយអ៊ុយក្រែន ។
សេចក្ដីប្រកាសនេះ បានបង្ហាញពីការផ្លាស់ប្តូរនូវជំហរអំពាវនាវនាពេលកន្លងមករបស់អ៊ុយក្រែន ក្នុងការស្នើសុំអាវុធពីដៃគូអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ លោកប្រធានាធិបតី បញ្ជាក់ថា កិច្ចព្រមព្រៀងនានាបានត្រៀមរួចជាស្រេចដើម្បីនាំចេញអាវុធទៅកាន់គោលដៅដូចជាអឺរ៉ុប សហរដ្ឋអាម៉េរិក និងមជ្ឈិមបូព៌ា បើទោះបីជាលោកមិនបានបញ្ជាក់អំពីប្រភេទអាវុធពិតប្រាកដដែលនឹងត្រូវលក់ក៏ដោយ ។
ផែនការនេះ នាំឱ្យកើតមានសំណួរមួយចំនួន ព្រោះតែប្រទេសខ្លះដែលអ៊ុយក្រែនអះអាងថាជាទីផ្សារនាំចេញអាវុធនាពេលអនាគត ដូចជាសហរដ្ឋអាម៉េរិក និងអឺរ៉ុប សុទ្ធតែជាប្រភពផ្ដល់ជំនួយយោធារួចហើយសម្រាប់អ៊ុយក្រែន ដូចនេះតើមានហេតុផលអ្វីដែលបណ្តាប្រទេសម្ចាស់ជំនួយទាំងនោះ ក្លាយជាប្រភពទទួលសម្ភារៈយោធាត្រឡប់ទៅវិញយ៉ាងដូច្នេះ ខណៈប្រទេសទាំងនោះ មិនទាន់បានចេញមុខធ្វើការអត្ថាធិប្បាយណាមួយនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Ecfr.eu