សេដ្ឋកិច្ច

ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រក្នុងផ្សារហ៊ុនកម្ពុជា កើនដល់ ២៥ក្រុមហ៊ុន ដែលអាចប្រមូលសាច់ប្រាក់ក្នុងវង្វង់ ៥៥០លានដុល្លារ

image


ភ្នំពេញ៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលក្រុមហ៊ុនទាំងនេះ បានប្រមូលសាច់ប្រាក់ក្នុងវង្វង់ ៥៥០លានដុល្លារអាម៉េរិក ខណៈដែលនៅថ្ងៃស្អែកនេះ នឹងមានការចុះបញ្ជីលក់សញ្ញាបណ្ណចំនួន ១០០លានដុល្លារអាម៉េរិកបន្ថែមទៀត។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

លោក ស៊ូ សុជាតិ បានបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង ២៥នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះសញ្ញាបណ្ណ ដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ឆ្នាំ ដល់ ១៥ឆ្នាំ។

លោក គូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ២,៧៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួនជាង ២៣១លានភាគហ៊ុន ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ៧៣.៤៣៨ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ១៣ម៉ឺនដុល្លារអាម៉េរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៦១.៣០៦។ រីឯទីផ្សារឧបករណ៍និស្សន្ទ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ មានទំហំជួញដូរសរុបចំនួន ១,៧លានឯកតាជួញដូរ និងមានតម្លៃជួញដូរសរុបចំនួនប្រមាណ ២ពាន់លានដុល្លារអាម៉េរិក។

លោក ស៊ូ សុជាតិ ជឿជាក់ថា ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន និងវិនិយោគិន លើយន្តការដែលយើងកំពុងមានស្រាប់នៅលើទីផ្សារ ក្នុងការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកាន់ តែមានសន្ទុះ ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាព ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បន្ថែមទៀតថា វិស័យមូលបត្រនៅកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ ជាពិសេស ការរៀបចំបទប្បញ្ញត្តិ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារ រួមមាន ការបង្កើត និងការដាក់ចេញក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដើម្បីបង្កើត តួអង្គ និងដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សាររួមទាំងការធ្វើនវានុវត្តទីផ្សារ និងផលិតផល។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ន.ម.ក. បានដាក់ចេញបទប្បញ្ញត្តិចំនួន ៩៣ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យនេះ ជាកិច្ចឆ្លើយតបនឹងតម្រូវការ និងនិន្នាការវិវត្តនៃវិស័យនេះ។

សូមបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលទាំងនេះ វិស័យមូលបត្រក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ទំហំទីផ្សារមានទំហំតូច, សន្ទនីយភាពទីផ្សារទាប, ការចូលរួមរបស់វិនិយោគិនស្ថាប័នក្នុងស្រុកនៅមានកម្រិត និងការយល់ដឹងអំពីវិស័យមូលបត្រនៅមានកម្រិតផងដែរ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត