ព័ត៌មានជាតិ

កម្ពុជា ដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេល ១០ឆ្នាំខាងមុខ សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត

image


ភ្នំពេញ៖ កម្ពុជា បានដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ រយៈពេល ១០ឆ្នាំខាងមុខ ដែលត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការនាថ្ងៃនេះ ខណៈដែលយុទ្ធសាស្រ្តនេះ គឺជាឯកសាររស់ដែលបានប្រមូលផ្តុំនូវវិធានការគន្លឹះជាច្រើន សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ការដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ផែនការមេថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តម្លាភាព និងនវានុវត្តន៍នៃវិស័យមូលបត្រកម្ពុជា។ លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ បានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះចំនួន ៣ រួមមាន ក្របខ័ណ្ឌយុទ្ធសាស្ត្រពង្រឹងទីផ្សារ, ពង្រីកទីផ្សារ និងគាំទ្រការអភិវឌ្ឍទីផ្សារ និងមានវិធានការយុទ្ធសាស្ត្រចំនួន ១៣។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ផែនការមេនេះ នឹងបន្តអភិវឌ្ឍទីផ្សារមូលបត្រតាមរយៈការជំរុញ និងការលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក, ការបង្កើតយន្តការលើកទឹកចិត្តដល់វិនិយោគិន, ការបង្កើតប្រតិបត្តិករទីផ្សារមូលបត្រអនាគត និងការបង្កើតយន្តការគ្រប់គ្រងការជួញដូរ ទ្រព្យឌីជីថល និងជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ដែលជាថ្នាលលើក-កម្ពស់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងយន្តការកំណត់អត្រាការប្រាក់អនាគតតាមរយៈការរៀបចំក្របខណ្ឌគតិយុត្ត, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការទាក់ទាញតួអង្គផ្តល់សន្ទនីយភាព។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សម្រាប់ប្រទេសអភិវឌ្ឍន៍, ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ និងជាកាតាលីករ ដែលគាំទ្រ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងសង្គម ព្រមទាំងជាប៉ារ៉ាម៉ែត្រសម្រាប់វាស់ពីស្ថានភាព និងសុខភាពសេដ្ឋកិច្ចទៀតផង។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា យន្តការសំខាន់ទាំងនេះ បានក្លាយជាច្រកហិរញ្ញប្បទានដ៏សំខាន់សម្រាប់ក្រុមហ៊ុន និងសហគ្រាស ដែលមានគោលបំណងស្វែងរកទុន ដើម្បីពង្រីកអាជីវកម្ម និងបង្កើនការវិនិយោគ ក៏ដូចជា អភិវឌ្ឍនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងចីរភាព តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវមូលធនវិនិយោគក្នុងស្រុក ដែលនៅសេសសល់ក្នុងទីផ្សារ; និងម្យ៉ាងទៀត ជាច្រកទាក់ទាញទុនវិនិយោគធំៗពីបរទេស៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត