ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ ៥០C ពីស្រុកកំពង់លែង ទៅខេត្តកំពង់ធំ បន្ទាប់ពីទឹកទន្លេបានឡើងជន់លិច

កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន សម្រាប់យានយន្តគ្រប់ប្រភេទ បន្ទាប់ពីទឹកទន្លេបានឡើងជន់លិច។
ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កំណាត់ផ្លូវលេខ ៥០C ចាប់ពីគីឡូម៉ែត្រ 00+000 ដល់គីឡូម៉ែត្រ១៤ +២០០ ក្នុងភូមិសាស្ត្រ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានទឹកទន្លេឡើងជន់លិច។
ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C ឲ្យមានស្ថានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ បន្ទាប់ពីទឹកទន្លេស្រកចុះ និងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកជាបណ្តោះអាសន្ន សម្រាប់យានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ទើបបើកឲ្យធ្វើចរារណ៍ឡើងវិញ៕



