អភិបាលខេត្តកំពង់ធំ សំណូមពរប្រជាពលរដ្ឋបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់ និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ ចូលក្នុងទឹកស្ទឹងសែន

កំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់ និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍។
ការសំណូមពរនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង ១.៣១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ធំ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងស្ទឹងសែន ឱ្យក្លាយទៅជាទីក្រុងមួយដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទុនទាំងអស់ ងាកមកចាប់អារម្មណ៍អំពីសក្តានុពលនៅក្នុងខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។
លើសពីនេះទៀត លោក ក៏បានជម្រាបប្រជាពលរដ្ឋពីបច្ចុប្បន្នភាពស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន ក៏បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបាបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់លើផ្លូវថ្នល់ ដែលអាចធ្វើឱ្យស្រុតផ្លូវបេតុង ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត លោក ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្ន ពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕
អត្ថបទ៖ ស៊ុំ ស៊ីថាវរី







