ចិត្តព្រៃផ្សៃ! បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

ពោធិ៍សាត់៖ មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។
យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះកើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧និង៤០ នាទីព្រឹក ជនសង្ស័យឈ្មោះឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានប្រើអាវុធខ្លីK54 បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ស្ត្រី០១ នាក់ ឈ្មោះ ណ ដ អាយុ ៣០ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស ០៤ នាក់ ខណ:ដែលជនរងគ្រោះទាំង៥នាក់នោះ កំពុងធ្វើដំណើរដោយរថយន្តលើផ្លូវជាតិ៥៥ មកដល់ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍
សាត់ ។ ជនបង្កបានជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនបង្ក បានបើករថយន្តរត់គេចខ្លួន។
ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មកដល់វេលាម៉ោង ១២និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ចំណែកឯជនរងគ្រោះចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ប វទ ភេទប្រុស អាយុជាង ៣០ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) សង្រ្គោះ បន្ទាន់ នៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់។
២.ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់) សង្រ្គោះ បន្ទាន់ នៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់។
៣.ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) សម្រាកព្យាបាល នៅ មណ្ឌល សុខភាព ប្រម៉ោយ។
៤.កុមារ៉ាឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ (ត្រូវជាកូនប្រុសបង្កើតរបស់សង្ស័យ (របួលស្រាល) សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្ត ពោធិ៍សាត់ មូលហេតុទំនាស់រឿងដណ្ដើមកូនគ្នា៕
អត្ថបទ៖ សេង ប៊ុនធឿន











