ទឹកចិត្តឪពុក! កូនឃ្លានបាយ ជិះម៉ូតូទៅទិញបាយឱ្យកូន ត្រូវរថយន្តបុកស្លាប់ ពេលត្រឡប់មកផ្ទះវិញ

ភ្នំពេញ៖ បុរសវ័យប្រមាណ៤០ឆ្នាំម្នាក់ ត្រូវរថយន្តបុកស្លាប់ទាំងកណ្តាលអធ្រាត្រ បន្ទាប់ពីជិះម៉ូតូត្រឡប់ពីទិញបាយឱ្យកូន។
ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ទីតាំងកើតហេតុ ស្ថិតនៅ ខាងលិចរង្វង់មូលដីតាង៉ុយ ឬរង្វង់មូលកោះនោរា មូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាក FORD RANGER RAPTOR ពណ៌ប្រផេះ ដែលមានផ្លាកលេខភ្នំពេញ 2BW-7719 បានបើកបុកបុរសរងគ្រោះដែលមានវ័យប្រមាណជាង៤០ឆ្នាំ បណ្តាលឲ្យខ្ទាតអូសផ្លូវជាច្រើនម៉ែត្រ រហូតដល់ស្លាប់ ទើបរថយន្តបង្កបើករត់គេចខ្លួនបាត់។ បន្ទាប់ពីបុករួច គេឃើញរថយន្តសាម៉ុយមកដល់ទីតាំងកើតហេតុ តែជាអកុសលបុរសខាងលើបានស្លាប់មុនពេលរថយន្តសាម៉ុយមកដល់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីខាងជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក មកដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋ រង្សី





