សង្គម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី ប្រាក់ ដា ដែលពលីក្នុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

image

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ តំណាងកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អនុសាខា យុវជនកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកស្រី ចាន់ សារ៉ាន់ និងក្រុមគ្រួសារនៃសព លោកអនុសេនីយ៍ត្រី ប្រាក់ ដា បម្រើការនៅមជ្ឈមណ្ឌលគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិត កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពិធីបុណ្យនេះរៀបចំឡើងនៅគេហដ្ឋាននៃសព ក្នុងភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងវេលាដ៏សែនក្តុកក្ដួលនេះ ឯកឧត្ដម ឃុន សាម៉េង បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា " ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេកជាមួយនឹងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក និងញាត្តិសន្តានជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។ ការពលីជីវិតរបស់ លោកអនុសេនីយ៍ត្រី បា្រក់ ដា ជាការបាត់បង់វីរយុទ្ធជនកម្ពុជាមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប ដែលបានបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងមនុស្សជាតិ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំមកនូវសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូល ជាពិសេស សម្រាប់ប្រជាជននៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី បា្រក់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។"