សង្គម

លោក ឃួង ស្រេង ចុះពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យអង្គភាពជំនាញ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល

image

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះ ពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពាន អាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ កំបូល ដែលកំពុងមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនា ល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៍។
ក្នុងដំណើរចុះពិនិត្យនេះ លោក ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាល ខណ្ឌកំបូល បិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើង ជា បណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត ដើម្បីកុំឱ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣ កញ្ញាយ៉ាងពេញទំហឹង ធ្វើឱ្យតំបន់មួយចំនួន ត្រូវជន់លិច។ តែរហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ទឹកបានស្រកអស់ប្រមាណ ៧០% នៅសល់៣០%ទៀត អាចនឹងស្រកអស់ក្នុងរវាងពី ២ទៅ៣ម៉ោងក្រោយ បើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។
ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀង បានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងក្នុងការរំដោះ និងបញ្ជៀសទឹកទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការលិចលង់ រួមទាំងដំណើរការបូមទឹកនៃស្ថានីយបូមទឹកព្រមៗគ្នា តាមស្ថានីយជាង ១០ទីតាំង ដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤ និងបើកឲ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ និងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។
បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរសម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកក់ស្ទះផងដែរ ។ លោក ឃួង ស្រេង បានចុះពិនិត្យដោយផ្ទាល់ និងបានណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ។
បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៤ ខែកញ្ញានេះ បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅថ្ងៃនេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០% ក្នុងក្របខណ្ឌទូទាំងប្រទេស៕