ស្ថានទូតអាស៊ាននៅភ្នំពេញ សហការគ្នារៀបចំព្រឹត្តិការណ៍ ASEAN Bazaar 2025 នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៊ីដើម្បីបង្ហាញពីការរួបរួមរបស់អាស៊ាន ក្នុងភាពចម្រុះ និងមិត្តភាពជិតស្និទ្ធ
ភ្នំពេញ៖ ស្ថានទូតអាស៊ាន ប្រចាំនៅទីក្រុងភ្នំពេញ បានរួមគ្នារៀបចំការតាំងបង្ហាញម្ហូបអាហារ និងការសម្តែងសិល្បៈរួមគ្នា “ASEAN Bazaar ឆ្នាំ២០២៥” នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៊ី ដែលមានទីតាំងនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ពិធីបើកការតាំងបង្ហាញម្ហូបអាហារ និងការសម្តែងសិល្បៈរួមគ្នា “ASEAN Bazaar ឆ្នាំ២០២៥” បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក សាហារ៉ូឌីន អន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះវត្តមានបណ្តាអង្គទូតទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ASEAN BAZZAR នាពេលនេះ។
លោកឯកអគ្គរាជទូតម៉ាឡេស៊ី ជឿជាក់ថា ការរួបរួមសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន គឺជាធាតុផ្សំដ៏សំខាន់បំផុត ជាពិសេស ចំពោះបញ្ហាប្រឈមដែលជួបប្រទះ ទាំងក្នុងតំបន់ និងក្រៅតំបន់។
លោកឯកអគ្គរាជទូត បានលើកឡើងថា អាស៊ានដែលបានកសាងនៅលើមូលដ្ឋានដ៏រឹងមាំ ជាមួយការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ នឹងអាចប្រឈមមុខរាល់បញ្ហាទាំងអស់រួមជាមួយគ្នាគ្រប់កាលៈទេសៈ។
ក្នុងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានឆ្នាំ២០២៥ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បន្ថែមថា ម៉ាឡេស៊ី កំពុងខិតខំធ្វើ ការឆ្ពោះ ទៅរកការកសាងសហគមន៍ក្នុងតំបន់ ដោយផ្អែកលើ សសរស្តម្ភគាំទ្រគ្នាទៅវិញទៅ ដូចជា នយោបាយ-សន្តិសុខ, សេដ្ឋកិច្ច, និងសង្គម-វប្បធម៌។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនបានមានប្រសាសន៍ថា កម្មវិធីនៅថ្ងៃ នេះ ពិតជាមានសារៈសំខាន់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់គ្រួសារអាស៊ាន ដើម្បីរក្សាបានចំណងមិត្តភាព និងការផ្លាស់ប្តូរនូវអត្តសញ្ញាណ តាមរយៈការតាំងពិព័រណ៍បង្ហាញពីផលិតផលរបស់ប្រទេសនីមួយៗ នៅស្ថានទូតម៉ាឡេស៊ី។
លោក ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា អាស៊ានគឺជាគ្រួសារមួយដ៏មានសក្កានុពលក្នុងតំបន់ ដែលក្នុងន័យនេះ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជា ចំណុចស្នូលសំខាន់ដល់ការបន្តធានាបាននូវការអភិវឌ្ឍប្រកប ដោយចីរភាពសម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រជាជាតិអាស៊ានផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បើកជាសាធារណៈ និងចូលរួមដោយឥតគិតថ្លៃ។ កម្មវិធី ASEAN BAZZAR រៀបចំជាសមូហភាពដោយស្ថានទូតអាស៊ានទាំងអស់នៅភ្នំពេញ ដើម្បីបង្ហាញនូវវប្បធម៌ ម្ហូប និងប្រពៃណីដ៏សម្បូរបែបនៃប្រទេសសមាជិកអាស៊ានទាំង ១០ បូករួមទាំងទីម័រឡេស្តេ។
កម្មវិធីពេញមួយថ្ងៃនេះ មានការសម្តែងសិល្បៈវប្បធម៌ដោយរដ្ឋសមាជិកអាស៊ាន ល្បែងលើឆាក ការចាប់ឆ្នោតបន្តផ្ទាល់ និងការប្រកួតខារ៉ាអូខេ ដែលផ្តល់ជូនអ្នកទស្សនានូវការកម្សាន្តចម្រុះ និងការផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក៕
ASEAN Bazaar Day 2025 ជាកម្មវិធី ដែលមិនត្រឹមតែជាការបង្ហាញអាហារ និងវប្បធម៌ប៉ុណ្ណោះទេ តែគឺជាការប្រារព្ធពិធីនៃការរួបរួមរបស់អាស៊ានក្នុងភាពចម្រុះ និងមិត្តភាពជិតស្និទ្ធរវាងប្រជាជន៕