ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ខណៈការសាងសង់សម្រេចបាន ៤៥%

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យផ្ទាល់គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា។

យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន ៤៥%ហើយ មានន័យថា ការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។ បើតាមគម្រោង រយៈពេលសាងសង់ មានរយៈពេល ៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភ័ណភាព។

លោករដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀត ដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

សូមបញ្ជាក់ថា ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀត នឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕