ព័ត៌មានជាតិ

ដំណើរការដេញថ្លៃគម្រោងជួសជុលផ្លូវ និងស្ពាន នៅឃុំអូរកណ្ដៀរសែនជ័យ មានក្រុមហ៊ុន ៣ ចូលរួមដេញថ្លៃ តែតម្លៃបានដាក់ គឺប្រហាក់ប្រហែលគ្នា និងស្ទើរតែស្មើតម្លៃប៉ាន់ស្មាន

image


ក្រចេះ៖ កាលពីចុងសប្តាហ៍មុន នៅសាលាឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ មានការបើកសំណើរដាក់ឱ្យដេញថ្លៃ មូលនិធិឃុំសង្កាត់មួយគម្រោង ដើម្បីជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ សរុបប្រវែង ៥៥០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងជួសជុលស្ពានឈើប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលមានតម្លៃ ប៉ាន់ស្មាន ៣៤៦ ៣៩៩ ២៣៤ រៀល (បីរយសែសិបប្រាំមួយលានបីសែនប្រាំបួនម៉ឺនប្រាំបួនពាន់ពីររយសាមសិបបួនរៀល)។

ក្នុងដំណើរការនេះ ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃ មានចំនួន ៣ គឺ ទី១ មានឈ្មោះ ទួន សុផល បានដាក់សំណើរដេញថ្លៃចំនួនទឹកប្រាក់ ៣៤៥ ៨៥០ ០០០រៀល និងក្រុមហ៊ុនទី២ មានឈ្មោះ ម៉ៅ សារ៉េត បានដាក់សំណើដេញថ្លៃចំនួនទឹកប្រាក់ ៣៤៥ ៥00 000រៀល និងក្រុមហ៊ុនទី៣ ដែលឈ្នះក្នុងការដេញថ្លៃ មានឈ្មោះ កេត សុខគាង បានដាក់សំណើដេញថ្លៃចំនួនទឹកប្រាក់ ៣៤០,000,000រៀល។

នៅក្នុងដំណើរការដេញថ្លៃ និងនៅក្រៅសាលាឃុំ គេឃើញក្រុមហ៊ុនជាច្រើនទៀត ដែលបានមកចូលរួម តែពុំបានចូលដាក់ឯកសារដេញថ្លៃ ទៅក្នុងប្រអប់នោះទេ ដែលធ្វើឱ្យតម្លៃដែលក្រុមហ៊ុន កេត សុគាង ឈ្នះក្នុងការដេញថ្លៃ ដែលមានតម្លៃកៀកជិតនិងតម្លៃប៉ាន់ស្មាន។ ករណីនេះ ធ្វើឱ្យមានការសង្ស័យទៅលើដំណើរការ នៃការដេញថ្លៃសាងសង់គម្រោងមួយនេះ។

ជុំវិញនឹងករណីខាងលើនេះ លោក កេត សុគាង ជាម្ចាស់ក្រុមហ៊ុនឈ្នះក្នុងការដេញថ្លៃ បានបដិសេធថា លោកមិនបានចរចាណាមួយជាមួយក្រុមហ៊ុនផ្សេងទៀត ដូចការសង្ស័យនោះទេ។

ឆ្លើយតបទៅនឹងការសង្ស័យនេះ នៅព្រឹកថ្ងៃទី ៨ ខែកញ្ញានេះ រដ្ឋបាលឃុំអូរកណ្តៀរសែនជ័យ ក៏បានចេញបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយថា “ការដេញថ្លៃគម្រោងមូលនិធិឃុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៥ ហាក់មានភាពមិនប្រក្រតី ដោយមានលេចធ្លាយដំណឹងថា មានការជូនថ្លៃទឹកតែ ឬសំណូកក្រោមតុ មុនកម្មវិធីចាប់ផ្តើម”។ រដ្ឋបាលឃុំ បានចាត់ទុក ការផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត ។

ពាក់ព័ន្ធករណីនេះ លោកអភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យ CNC ដឹងថា នៅថ្ងៃបើកសំណើការដេញថ្លៃនេះ លោកមេឃុំ ក៏បានរាយការណ៍មកលោកថា ឃើញមានភាពរញ៉េរញ៉ៃ ដោយអ្នកខ្លះពុំមានសិទ្ធិដេញថ្លៃ ក៏អាចចូលទៅអង្គុយក្នុងសាលាឃុំបាន ដោយមើលទៅ វាខុសពីនីតិវិធីដែលធ្លាប់ធ្វើកន្លងមក៕