ព័ត៌មានជាតិ

បញ្ជីឈ្មោះបេក្ខជនដែលត្រូវបានជ្រើសរើសជាពលទាហានក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនឹងបិទផ្សាយនៅទី២១ ខែកុម្ភ: នៅតាមទីតាំងដែលបានកំណត់

image

(ភ្នំពេញ) ៖ គណកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក បានប្រកាសថា គណកម្មការនឹង ប្រកាសលទ្ធផលនៃការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយសម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់ជាស្ថាពរ) នឹងត្រូវមកបង្ហាញមុខជាកំហិត ដើម្បីធ្វើការហ្វឹកហ្វឺន នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២៧-២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីបញ្ជាការយោធភូមិភាគ នានាដែលបានកំណត់។

យោងតាមការសេចក្តីជូនដំណឹងរបស់គណកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ដែលចេញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បង្ហាញថា លទ្ធផលឈ្មោះបេក្ខជន ដែលត្រូវជ្រើសរើស នឹងបិទប្រកាសចាប់ពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្តាទីតាំងខាងក្រោម៖

-ការិយាល័យទី១ កងទ័ពជើងគោក (ស្ថិតនៅក្នុងខ័ណ្ឌដំបូល រាជធានីភ្នំពេញ)
-ទីបញ្ជាការយោធភូមិភាគទី១ (ស្ថិតនៅក្នុងក្រុង/ខេត្តស្ទឹងសែន)
-យោធភូមិភាគទី២(ស្ថិតនៅក្រុង/ខេត្តកំពង់ចាម)
-យោធភូមិភាគទី៣(ស្ថិតនៅក្រុងច្បារមន-ខេត្តកំពង់ស្ពឺ)
-ទីបញ្ជាការយោធភូមិភាគទី៤ (ស្ថិតនៅក្រុង/ខេត្តសៀមរាប)
-ទីបញ្ជាការយោធភូមិភាគទី៥ (ស្ថិតនៅក្រុង/ខេត្តបាត់ដំបង)
-ទីបញ្ជាការយោធភូមិភាគពិសេស (ស្ថិតនៅក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ)
-ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២(ស្ថិតនៅក្នុងស្រុកបន្ទាយស្រី-ខេត្តសៀមរាប)
-ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣(ស្ថិតនៅក្នុងស្រុកជាំក្សាន្ត-ខេត្តព្រះវិហារ)

ជាមួយនឹងការជូនដំណឹងនេះ គណកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក
បានអំពាវនាវឱ្យបេក្ខជនទាំងអស់ត្រូវទៅពិនិត្យឈ្មោះរបស់ខ្លួន ដែលនឹងត្រូវបិទផ្សាយឱ្យទាន់ពេលវេលា ដើម្បីធ្វើការប្រមូលផ្តុំទៅតាមបណ្តាទីតាំងដែលបានកំណត់ខាងលើ៕