អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយយន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នាលើផ្លូវរត់ក្នុងអាកាសយានដ្ឋានទីក្រុង Kalispell ភាគពាយ័ព្យសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះខ្នាតតូចពីរគ្រឿង បានបុកគ្នានៅលើផ្លូវរត់ក្នុងអាកាសយានដ្ឋានទីក្រុងកាលីស្ពែល (Kalispell) ភាគពាយ័ព្យសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ (ទី១១ ខែសីហា) ដោយហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សពីរនាក់ទទួលរងរបួសស្រាល ។
តាមរយៈវីដេអូនៃឧបទ្ទវហេតុនេះ បានបង្ហាញពីទិដ្ឋភាពអណ្ដាតភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្លូវរត់ ព្រមទាំងមានផ្សែងយ៉ាងក្រាស់ និងខ្មៅខ្មួលខ្មាញ់កំពុងតែហុយទៅលើអាកាស ។
ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះមួយគ្រឿងកំពុងចុះចត បានរត់ទៅប៉ះទង្គិចនឹងយន្តហោះមួយទៀតដែលរៀបនឹងហោះឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Scott Carpenter/TMX/ X/ Nilda LS McGrath via Storyful