មនុស្ស២នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រដែកថែបនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មនុស្ស២នាក់បានបាត់បង់អាយុជីវិត និងជាង១០នាក់ផ្សេងទៀតទទួលរងរបួស ឬជាប់នៅក្រោមកម្ទេចកម្ទីបាក់បែក បន្ទាប់ពីមានហេតុការណ៍ផ្ទុះបានកើតឡើងនៅក្នុងរោងចក្រផលិតដែកថែបរបស់សហរដ្ឋអាម៉េរិក ស្ថិតនៅជិតទីក្រុង ភីតស្ប៊ើក (Pittsburgh) កាលពីថ្ងៃចន្ទ (ទី១១ ខែសីហា) ។
តាមរយៈវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីទិដ្ឋភាពនៅពេលហេតុការណ៍ផ្ទុះបានកើតឡើង ដោយបញ្ចេញនូវផ្សែងយ៉ាងខ្មៅខ្មួលខ្មាញ់ហុយពេញរោងចក្រ ។
ក្រុមសង្គ្រោះបន្ទាន់ បានដាក់ពង្រាយកម្លាំងយ៉ាងច្រើន និងកំពុងធ្វើការនៅទីកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍។ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មនុស្សពីរនាក់បាត់ខ្លួននៅឡើយ នៅពេលរបាយការណ៍នេះ បានចេញផ្សាយ ។
គួររម្លឹកថា រោងចក្រ យូអេស ស្ទៀល គ្លែរតុន ខូកវើក (US Steel Clairton Coke Works) ស្ថិតនៅភាគខាងត្បូងទីក្រុងភីតស្ប៊ើក (Pittsburgh) មានបុគ្គលិកបម្រើការជាច្រើនពាន់នាក់ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រតិបត្តិការឧស្សាហកម្មដែកដ៏ធំបំផុតនៅអាម៉េរិកខាងជើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory/ AP | រូបភាព៖ Gene J. Puskar and Amy Sowers via AP