ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាម៉េរិក បន្ថែមរយៈពេល ៩០ថ្ងៃក្នុងការពន្យារពន្ធគយពេញលេញលើទំនិញពីប្រទេសចិន

image


សហរដ្ឋអាម៉េរិក៖ កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលបន្តផ្អាកការកំណត់ពន្ធគយពេញលេញជាមួយប្រទេសចិន ក្នុងរយៈពេល ៩០ថ្ងៃ ដោយពន្យាររហូតដល់ពាក់កណ្តាលខែវិច្ឆិកា ។

គោលជំហរថ្មីនេះ បានរារាំងចំពោះការកំណត់ពន្ធលើទំនិញចិនចំនួន ១៤៥% ហើយក៏រារាំងចំពោះពន្ធលើទំនិញអាម៉េរិកចំនួន ១២៥% ដូចគ្នាដែរ ខណៈដែលអត្រាបច្ចុប្បន្ន ស្ថិតនៅចន្លោះត្រឹមតែ ៣០% សម្រាប់ទំនិញនាំចូលពីចិនទៅកាន់សហរដ្ឋអាម៉េរិក និង១០% សម្រាប់ទំនិញអាម៉េរិកនាំចូលទៅចិន ។

ការពន្យារនេះ ធ្វើឡើងនៅមុនរដូវកាលនាំចូលទំនិញសម្រាប់ថ្ងៃបុណ្យជាតិផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកលក់រាយនៅសហរដ្ឋអាម៉េរិក អាចនាំយកផលិតផលជាច្រើនប្រភេទ ដូចជាគ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ និងប្រដាប់ក្មេងលេងក្នុងតម្លៃទាប។ ដើមឡើយ កាលពន្យារពន្ធគយនេះ ត្រូវឈានចូលឱសានវាទនៅថ្ងៃអង្គារ (ទី១២ ខែសីហា) ។

ជុំវិញគោលជំហរចុងក្រោយ លោកត្រាំ (Trump) មានប្រសាសន៍ថា លោកនៅតែមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ប៉ុន្តែលោកមិនបានផ្តល់ចម្លើយច្បាស់លាស់ថាតើកម្រិតពន្ធ ៣០% លើទំនិញចិន និង១០% សម្រាប់ទំនិញអាម៉េរិកនាពេលបច្ចុប្បន្ន នឹងនៅដដែលបន្ទាប់ពីពាក់កណ្តាលខែវិច្ឆិកាឬយ៉ាងណា ។

កាលពីថ្ងៃទី១០ ខែសីហា លោកត្រាំ (Trump) បានអំពាវនាវឱ្យចិនបង្កើនការទិញសណ្តែកសៀងរបស់អាម៉េរិកចំនួន ៤ដង ទោះបីជាមិនច្បាស់ថា តើរដ្ឋធានីប៉េកាំងនឹងយល់ព្រមឬយ៉ាងណា។ ក្នុងពេលដំណាលគ្នានោះ ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងជំរុញឱ្យចិនបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយលោកត្រាំ (Trump) បានព្រមានអំពីពន្ធគយជាបន្តបន្ទាប់ដែលអាចកើតមាន ប្រសិនបើចិនមិនអើពើនឹងសំណើនោះ ។

គួររម្លឹកថា ឱនភាពពាណិជ្ជកម្មរបស់អាម៉េរិកជាមួយចិន បាននឹងកំពុងរួមតូច ដោយធ្លាក់ចុះប្រហែលមួយភាគបីក្នុងខែមិថុនា មកត្រឹម ៩.៥ ពាន់លានដុល្លារអាម៉េរិក ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៤។ ក្នុងរយៈពេល ៥ខែកន្លងមកនេះ គម្លាតពាណិជ្ជកម្មបានរួមតូចប្រមាណជា ២២.២ ពាន់លានដុល្លារអាម៉េរិក ដែលធ្លាក់ចុះ ៧០% បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via The Straits Times| រូបភាព៖ AFP/ Reuters