ឥណ្ឌា ផ្អាកគម្រោងទិញគ្រឿងសព្វាវុធពីអាម៉េរិក បន្ទាប់ពីប្រឈមពន្ធ ២៥% លើ ២៥%
ឥណ្ឌា៖ ឥណ្ឌាបានផ្អាកគម្រោងទិញគ្រឿងសព្វាវុធ និងយន្តហោះថ្មីពីសហរដ្ឋអាម៉េរិក បន្ទាប់ពីអាម៉េរិក បានដំឡើងពន្ធលើទំនិញឥណ្ឌា។ ការសម្រេចផ្អាកនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បានប្រកាសបន្ថែមពន្ធ ២៥% លើទំនិញនាំចេញពីប្រទេសឥណ្ឌា ដោយសារតែប្រទេសនេះនៅតែបន្តទិញប្រេងពីរុស្ស៊ី ដោយធ្វើឱ្យពន្ធសរុបឈានដល់ ៥០% ។
ជាលទ្ធផល ឥណ្ឌាបានលុបចោលការធ្វើដំណើរដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក រ៉ាច់ណាត់ សិង្ហ (Rajnath Singh) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគេធ្លាប់រំពឹងថា នឹងទទួលបានកិច្ចព្រមព្រៀងជាច្រើនក្រោយជំនួបនោះ ។
នៅក្នុងគម្រោងដែលបានផ្អាកនោះ រួមមាន រថក្រោះចម្បាំង Stryker និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ក៏ដូចជាកិច្ចព្រមព្រៀងតម្លៃ ៣.៦ ពាន់លានដុល្លារអាម៉េរិកដែលបានស្នើឡើងសម្រាប់យន្តហោះឈ្លបយកការណ៍ Boeing P8I ចំនួន ៦គ្រឿងសម្រាប់កងទ័ពជើងទឹកឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ឥណ្ឌាកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពពន្ធគយ និងទំនាក់ទំនងរួម មុននឹងឈានទៅមុខជាបន្តទៀត ។
ទាំងឥណ្ឌា និងសហរដ្ឋអាម៉េរិក នៅតែបន្តពិភាក្សាគ្នា និងធ្វើការលើកិច្ចព្រមព្រៀងការពារជាតិ ដូច្នេះប្រសិនបើអ្វីៗនឹងប្រសើរឡើងជាងមុន នោះកិច្ចព្រមព្រៀងអាចចាប់ផ្តើមម្តងទៀតក្នុងពេលឆាប់ៗ។ ឥណ្ឌាមានអារម្មណ៍ថា ពន្ធគយមិនយុត្តិធម៌ ដោយសារសហរដ្ឋអាម៉េរិក និងដៃគូអឺរ៉ុបរបស់ខ្លួន នៅតែធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីជាធម្មតា ប៉ុន្តែឥណ្ឌាបែរជាត្រូវទទួលទណ្ឌកម្មចំពោះការទិញប្រេងពីរុស្ស៊ីទៅវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Kevin Mohatt/ Kevin Lamarque and Bhawika Chhabra on Reuters