ព័ត៌មានអន្តរជាតិ

អាជ្ញាធរចិនជម្លៀសពលរដ្ឋជិត ១ម៉ឺននាក់ ក្រោយទឹកជំនន់សម្លាប់មនុស្ស ១៣នាក់ក្នុងខេត្ត Gansu

image


ចិន៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា អ្នកស្រុកជិត ១ម៉ឺននាក់ត្រូវជម្លៀសចេញទៅកាន់ទីតាំងមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បង្កដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស ១៣នាក់ និង៣០នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្តកាងស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន ។

តាមរយៈរូបភាពចេញផ្សាយនៅលើ CCTV បានបង្ហាញឱ្យឃើញពីទិដ្ឋភាពលំនៅដ្ឋាន និងផ្លូវថ្នល់ សុទ្ធតែត្រូវលិចលង់និងខូចខាតដោយសារតែទឹកជំនន់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងសង្គ្រោះបន្ទាន់ នៅតែបន្តដំណើរការ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បានឱ្យដឹងជាបន្តទៀតថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានចាប់ផ្ដើមតាំងពីម៉ោង ៦ល្ងាចថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) មកម្លេះ ដោយបានបណ្ដាលឱ្យក្លាយជាជំនន់ទឹកភ្លៀងនៅក្នុងតំបន់យូចុង (Yuzhong) ខេត្តកាងស៊ូ (Gansu) ដែលធ្វើឱ្យមនុស្សប្រហែល ៤ពាន់នាក់ត្រូវជាប់គាំង ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពីគ្រប់ភាគីទាំងអស់ កាលពីថ្ងៃសុក្រ (ទី៨ ខែសីហា) ។

កំណត់ត្រាទឹកភ្លៀងដែលបានវាយប្រហារភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ត្រូវអ្នកឧតុនិយម លើកឡើងថាជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Florence Lo on Reuters/ AFP and STR/ CCTV/